លោក Macron បញ្ជាក់ច្បាស់ៗថា នឹងមិនចុះចេញពីតំណែងប្រធានាធិបតីបារាំងឡើយ

អន្តរជាតិ

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហាញឲ្យដឹងថា លោកនឹងមិនលាលែងចេញពីតំណេងនោះឡើយ បើទោះបីជាប្រទេសបារាំងកំពុងប្រឈមមុខទៅនឹងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះក្តី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយធ្វើការអត្ថធិប្បាយមួយកាលពីថ្ងៃទី១៣ ខែតុលា លោក Macron បានលើកឡើងថា៖”​ ខ្ញុំមានក្តីអាណត្តិពីប្រជាជនក្នុងការបម្រើប្រទេស ដើម្បីស្វែងរកដំណោះស្រាយ ចំពោះកង្វល់របស់ប្រជាជន និងធ្វើអ្វីៗគ្រប់បែបយ៉ាង នៅក្នុងអំណាចរបស់ខ្ញុំដើម្បីឯករាជ្យភាព។ នោះគឺជារឿងតែមួយគត់ដែលសំខាន់បំផុតសម្រាប់ខ្ញុំនៅពេលនេះ។ ខ្ញុំនឹងធានាឲ្យមានស្ថិរភាពសម្រាប់ប្រទេស។ ហើយនៅសេសសល់ពីនោះ គឺជាការងាររបស់រដ្ឋាភិបាល”។

គួរឲ្យដឹងផងដែរថា នយោបាយរបស់ប្រទេសបារាំង បានស្ថិតនៅក្នុងវិបត្តិដ៏ជ្រៅបំផុត ក្នុងរយៈពេលជាច្រើនទសវត្ស ដោយនាយករដ្ឋមន្ត្រីចំនួន ៥រូបមកហើយ ត្រូវបានតែងតាំងនៅក្នុងរយៈពេលតិចជាពីរឆ្នាំកន្លងមកនេះ។ កាលពីថ្ងៃទី១០ លោក Macron បានសម្រេចតែងតាំងលោក Sebastien Lecornu ជានាយករដ្ឋមន្ត្រីជាថ្មីម្តងទៀត ពោលគឺត្រឹមតែបួនថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Lecornu បានប្រកាសលាលែងពីតំណែង បន្ទាប់ពីជួរគណៈរដ្ឋមន្ត្រីថ្មីរបស់លោកត្រូវបានគេរិះគន់យ៉ាងខ្លាំង។

យ៉ាងណាមិញ ទាំងគណបក្សប្រឆាំងស្តាំនិយម និងឆ្វេងនិយម ក៏ដូចជាអតីតសម្ព័ន្ធមិត្តមួយចំនួនរបស់ប្រធានាធិបតីបារាំងបានអំពាវនាវម្តងហើយម្តងទៀតឱ្យលោក Macron លាលែងពីតំណែងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទោះបីជាអាណត្តិបច្ចុប្បន្នរបស់លោក មានរយៈពេលរហូតដល់ឆ្នាំ២០២៧ ក៏ដោយ។​

ប៉ុន្តែទោះជាយ៉ាងណាក៏ដយ ដោយថ្លែងនៅក្នុងប្រទេសអេហ្ស៊ីប លោក Macron បានបន្តច្រានចោលលទ្ធភាពនៃការរំលាយសភា និងរៀបចំការបោះឆ្នោតទូទៅមុនកាលកំណត់ ដោយលោកបញ្ជាក់ថា លោក មិនចង់លេងល្បែងនយោបាយ និងចង់ឱ្យប្រទេសជាតិរីកចម្រើន៕​