យោងតាមកងទ័ពអាមេរិក បាននិយាយថា ក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំដ៏កម្រ ដែលគ្រោងនឹងរៀបចំធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន នាខែក្រោយ ដែលមានទាហានចូលរួមសរុបប្រមាណ ៦ ៦០០ នាក់ អាចនឹងត្រូវចំណាយទឹកប្រាក់អស់ប្រមាណ ពី ២៥លានដុល្លារ ទៅ ៤៥លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
វរសេនីយ៍ឯក លោក Steve Warren អ្នកនាំពាក្យកងទ័ពអាមេរិក បាននិយាយកាលពីថ្ងៃទី១៥ ខែឧសភាថា ក្បួនព្យុហយាត្រានៅទីក្រុង Washington, DC ដើម្បីអបអរសាទរខួបលើកទី២៥០ នៃថ្ងៃបង្កើតកងកម្លាំងយោធាអាមេរិក នឹងមានតំណាងមកពីគ្រប់កងពលទាំងអស់ ក្នុងនោះទាហានសរុបចំនួន ៦ ៦០០ នាក់ រថយន្តយោធាចំនួន ១៥០ គ្រឿង និងយន្តហោះចំនួន ៥០ គ្រឿង នឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំបំផុតមិនធ្លាប់មាននេះ។
មិនតែប៉ុណ្ណោះ លោក Warren បានបង្ហើបឲ្យដឹងទៀតថា ការចំណាយប៉ាន់ស្មាននៃក្បួនដង្ហែនេះ គឺចន្លោះពី ២៥-៤៥លានដុល្លារ ហើយផែនការសម្រាប់រៀបចំព្រឹត្តិការណ៍ គឺត្រូវបានគ្រោងទុកអស់រយ:ពេលជាងមួយឆ្នាំមកហើយ។ សកម្មភាពនេះត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ពោលគឺចំថ្ងៃខួបកំណើតគម្រប់ ៧៩ឆ្នាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
គួរឲ្យដឹងផងដែរថា ដោយបន្ថែមពីលើក្បួនដង្ហែដ៏ធំ ក៏នឹងមានការបាញ់កាំជ្រួច និងពិធីបុណ្យពេញមួយថ្ងៃនៅ National Mall ក្នុងទីក្រុង Washington, D.C. រួមទាំងការសំដែងតន្ត្រី និងការប្រកួតកីឡាកាយវប្បកម្ម ផងដែរ។
ជម្រាបជូនថា សហរដ្ឋអាមេរិកកម្រនឹងធ្វើព្យុហយាត្រាយោធាណាស់។ លើកចុងក្រោយដែលបានក្បួនព្យុហយាត្រាយោធាធ្វើឡើងនៅសហរដ្ឋអាមេរិក គឺនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៩១ នៅពេលដែលកងទ័ពជាង ៨ ០០០ នាក់បានដង្ហែឆ្លងកាត់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដើម្បីអបអរសាទរជ័យជម្នះលើប្រទេសអ៊ីរ៉ាក់ ក្នុងសង្គ្រាមឈូងសមុទ្រ។ វាត្រូវបានចាត់ទុកថាជាក្បួនដង្ហែយោធាដ៏ធំបំផុតដែលបានធ្វើឡើងនៅសហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក៕