(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ, ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីបើកពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល វៀតណាម-កម្ពុជា ២០២៦ (VIDEX CAMBODIA 2026)។

ពិព័រណ៍នេះរៀបចំឡើងដោយក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការសម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ ថាណា គឺជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន មិញវូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ង្វៀន ក្វាង ង៉ុក (NGUYEN Quang Ngoc) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ និងធុរជននៃប្រទេសកម្ពុជា និងវៀតណាមជាច្រើនរូបទៀត។
សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ពិព័រណ៍ VIDEX CAMBODIA 2026 បានប្រមូលផ្តុំក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់ ពាណិជ្ជករ ប្រតិបត្តិករអាជីវកម្ម និងដៃគូសក្តានុពលមកពីកម្ពុជា និងវៀតណាម ដើម្បីបង្កើតឱកាសក្នុងការស្វែងយល់ពីផលិតផល ផ្លាស់ប្តូរព័ត៌មាន ជួបពិភាក្សាជាមួយដៃគូអាជីវកម្ម បង្កើតទំនាក់ទំនងពាណិជ្ជកម្មថ្មីៗ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។










