កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS រវាងកម្ពុជា និងថៃ បានបិទបញ្ចប់នៅទីក្រុងឡាអេ

សង្គម​ និង​សេដ្ឋកិច្ច

កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ហើយ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជាចូលរួម ខណៈភាគីថៃ ត្រូវបានដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារតំណាងថៃ។ កិច្ចប្រជុំលើកទី២នេះ ត្រូវបានដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា ដោយមានតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ដើរតួនាទីជាលេខាធិការដ្ឋាន ។

សូមរំលឹកថា នៅក្នុងសុន្ទរកថាបើកនៃកិច្ចប្រជុំលើកដំបូងនៅប្រទេសសិង្ហបុរី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ចំពោះមុខគណៈកម្មការផ្សះផ្សា អំពីគោលបំណងចម្បងបំផុតរបស់កម្ពុជា គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្ពុជាមានបំណងសម្រេចឱ្យបាននូវសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ដោយឡែកជាជម្រើសផ្សេងទៀត កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងជាមួយប្រទេសថៃ សម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។ ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរទាំងលើព្រំដែនសមុទ្រ និងទាំងលើការអភិវឌ្ឍរួមគ្នានោះទេ កម្ពុជាបានស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS៕