ទីភ្នាក់ងារវិនិយោគកូរ៉េ ប្តេជ្ញាជំរុញទំនាក់ទំនងធុរកិច្ចជាមួយកម្ពុជាឱ្យកាន់តែប្រសើរ

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងការវិនិយោគកូរ៉េ (KOTRA) បានជំរុញទំនាក់ទំនងធុរកិច្ចជាមួយកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ នេះបើយោងតាមកិច្ចពិភាក្សារវាងប្រធានទីភ្នាក់ងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) កាលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណតួនាទីដ៏សកម្មរបស់ការិយាល័យ KOTRA នៅភ្នំពេញ ក្នុងការធ្វើជាស្ពានចម្លងផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានស្នើឱ្យ KOTRA បន្តសហការរៀបចំទស្សនកិច្ចវិនិយោគ និងកម្មវិធីផ្គូផ្គងធុរកិច្ច ឱ្យបានកាន់តែច្រើន ដើម្បីនាំយកក្រុមហ៊ុនមហាយក្សកូរ៉េ ក្នុងវិស័យដែលផ្តល់តម្លៃបន្ថែមខ្ពស់មកបោះទុននៅកម្ពុជា។

ជាការឆ្លើយតប លោកប្រធាន KOTRA បានវាយតម្លៃខ្ពស់បំផុតចំពោះសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងភាពទាក់ទាញនៃបរិយាកាសវិនិយោគ ជាមួយច្បាប់ស្តីពីវិនិយោគថ្មី របស់កម្ពុជា និងប្តេជ្ញាដើម្បីជំរុញទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងការវិនិយោគកូរ៉េ (KOTRA) គឺជាស្ថាប័នជាតិ ដែលទទួលខុសត្រូវលើការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ស្ថិតនៅក្រោមឱវាទក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងធនធាន នៃសាធារណរដ្ឋកូរ៉េ។ ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦២ KOTRA បានជួយគាំទ្រដល់ការពង្រីកអាជីវកម្មលំដាប់សកលរបស់ក្រុមហ៊ុនកូរ៉េ និងសម្របសម្រួលដល់ការទាក់ទាញការវិនិយោគពីបរទេសចូលទៅកាន់ប្រទេសកូរ៉េ។ ក្នុងនាមជាវេទិកាធុរកិច្ចសកលដ៏ធំបំផុតរបស់កូរ៉េ KOTRA មានការិយាល័យតំណាងនៅបរទេសចំនួន ១៣១ ការិយាល័យ នៅក្នុងប្រទេសចំនួន ៨៦ ដោយក្នុងនោះមានប្រទេសកម្ពុជាផងដែរ ដែលបានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ១៩៩៩៕អត្ថបទ៖ហ្សាលីន