សត្វ២ប្រភេទនេះ ត្រូវបានសមាគមអភិវឌ្ឍន៍​ពាណិជ្ជកម្ម ខេត្តជើជាំង ចាប់អារម្មណ៍ចង់ធ្វើការវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

លោក Shi Yongping ប្រធានសមាគម​អភិវឌ្ឍន៍ពាណិជ្ជកម្មខេត្តជើជាំង ប្រចាំកម្ពុជា បានចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ ពិនិត្យលទ្ធភាព ស្វែងរកកាលានុវត្តភាពវិនិយោគ​លើវិស័យ​កសិកម្ម ជាមួយ លោក គី ច័ន្ទរំដួល អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម កាលពីថ្ងៃទី១៩ មិថុនាកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ លោក គី ច័ន្ទរំដួល បានសម្តែង​ការ​ស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់សមាគម ក្នុងការវិនិយោគលើវិស័យ​សំខាន់ៗ​មួយចំនួនរួមមាន៖ ការចិញ្ចឹមបង្គារ ការចិញ្ចឹមត្រចៀកកាំ និងការនាំ​ចូល​ជីកសិកម្ម ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា។

ទន្ទឹមនឹងនោះដែរ ដើម្បីសម្រួលដល់ដំណើរការវិនិយោគ លោក គី ច័ន្ទរំដួល ក៏បានផ្តល់អនុសាសន៍ និងជម្រាបព័ត៌មានសំខាន់ៗចំនួន៣ចំណុចដល់ភាគីចិន ដែលមានដូចជា៖ ទី១.គោលនយោបាយលើកទឹកចិត្តវិនិយោគិន៖ រាជរដ្ឋា​ភិបាល​​កម្ពុជាមានច្បាប់វិនិយោគថ្មី និងការផ្ដល់ឋានៈជា គម្រោងវិនិយោគ​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) ដែលផ្តល់អត្ថប្រយោជន៍ជាច្រើន​ដល់អ្នក​វិនិយោគ។

ទី២.នីតិវិធីអាជីវកម្ម៖ បានណែនាំអំពីនីតិវិធីចុះបញ្ជី ការកែច្នៃ និងប្រព័ន្ធ​ឡូជីស្ទិក សម្រាប់ការចិញ្ចឹមបង្គារ ត្រចៀកកាំ និងការនាំចូលជីថ្នាំ សម្ភារៈ និង​គ្រឿង​យន្តកសិកម្ម និងទី៣. ការនាំចេញកសិផល៖ បានផ្តល់ពត៌មាន​ស្តីពី​កសិផលអាទិភាព ដែលអាចនាំចេញត្រង់ទៅប្រទេសចិនបាន ដែលកម្ពុជា​ទទួល​បានការអនុញ្ញាតជាផ្លូវការតាមរយៈ ពិធីសារជាមួយអគ្គ​រដ្ឋបាលគយ​នៃប្រទេសចិនរួចហើយ។

ជាការឆ្លើយតប លោក Shi Yongping ក្នុងនាមក្រុមហ៊ុន បានប្តេជ្ញាផ្សព្វផ្សាយពីសក្តានុពល ក៏ដូចជាគោលនយោបាយ​លើកទឹកចិត្ត វិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅដល់វិនិយោគិនចិន ដើម្បី​ជំរុញឱ្យមានការចាប់អារម្មណ៍មកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត៕