សម្តេចតេជោ នឹងពិភាក្សាជាមួយមេដឹកនាំសំខាន់ៗរបស់ចិន ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ

សង្គម​ និង​សេដ្ឋកិច្ច

តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចពិជ័យ សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល។

នៅក្នុងឱកាសទស្សនកិច្ចខាងលើ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួប ពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋចិន និង ឯកឧត្តម ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ទស្សនកិច្ចមិត្តភាពផ្លូវការ របស់ សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋ ប្រជាមានិតចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និង លើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យជោគជ័យបន្ថែមទៀត៕អត្ថបទ៖ហ្សាលីន