អូស្រ្តាលី ចាប់អារម្មណ៍វិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ជាពិសេសការកែច្នៃស្វាយចន្ទីនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានបង្ហាញការចាប់អារម្មណ៍វិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ជាពិសេសការកែច្នៃស្វាយចន្ទីនៅកម្ពុជា។ នេះបើតាមតាមជំនួបថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ រវាងលោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយ លោកស្រី Emma McDonald ស្នងការជាន់ខ្ពស់ទទួលបន្ទុកកិច្ចការវិនិយោគ និងពាណិជ្ជកម្មប្រចាំកម្ពុជា និងវៀតណាម នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីប្រទេសអូស្ត្រាលីមកកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោកអគ្គលេខាធិការរងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលី ព្រមទាំងបានគូសបញ្ជាក់ពីលក្ខណៈពិសេសនៃគោលនយោបាយវិនិយោគរបស់កម្ពុជាដែលផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្មអន្តរមធ្យោបាយយ៉ាងសកម្មដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនភាពប្រកួតប្រជែង។

លោកក៏បានស្នើឱ្យភាគីអូស្ត្រាលីបន្តជំរុញវិនិយោគិនខ្លួនមកបណ្តាក់ទុនក្រោមរូបភាពវិនិយោគដោយផ្ទាល់ ឬភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជនលើវិស័យសក្តានុពល មានជាអាទិ៍ កសិកម្ម និងកសិ-ឧស្សាហកម្ម, ថាមពលកកើតឡើងវិញ, ភស្តុភារកម្ម, យានយន្ត, អេឡិចត្រូនិក, និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាការឆ្លើយតប លោកស្រី Emma McDonald បានកោតសរសើរចំពោះការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយថាមវន្តរបស់កម្ពុជា និងបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យកសិ-ឧស្សាហកម្ម ជាពិសេសការកែច្នៃស្វាយចន្ទីដែលជាវិស័យអាទិភាព។

ជារួមតាមរយៈជំនួបនេះ អូស្រ្តាលី ក៏បានប្តេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីជំរុញសហគ្រាសអូស្ត្រាលីមកសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគបន្ថែមទៀតលើវិស័យដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងសកម្មភាពវិនិយោគដែលផ្តោតលើការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា៕ អត្ថបទ៖ហ្សាលីន