គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្ត បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ថាគឺជាចលករដ៏សំខាន់ក្នុងការពង្រឹងបន្ថែមទៀតនូវមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។ទន្ទឹមគ្នានេះ គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន ក៏បានលើកឡើងថាប្រជាជនចិនបានចាត់ទុកសម្ដេចតេជោ គឺជាមិត្តដ៏ល្អរបស់ចិន។

នេះបើយោងតាមជំនួបពិភាក្សារវាងម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយលោក លូ ហៃស៊ីង(Liu Haixing) រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន កាលរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
នាឱកាសនោះ លោក លូ ហៃស៊ីង បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ និងគណៈប្រតិភូមកកាន់ប្រទេសចិននៅពេលនេះ។ លោកឧត្តមបានចាត់ទុកដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ថាគឺជាចលករដ៏សំខាន់ក្នុងការពង្រឹងបន្ថែមទៀតនូវមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។លោក បានលើកឡើងថាប្រជាជនចិនបានចាត់ទុកសម្ដេចតេជោ គឺជាមិត្តដ៏ល្អរបស់ចិន។ លោក ក៏បានរំលេចថា គ្រាន់តែដំណឹងនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ មកកាន់ប្រទេសចិន គឺប្រជាជនចិន បានសម្ដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនេះ។

ទន្ទឹមគ្នានេះ ក៏បានលើកឡើងទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌគណបក្ស និងគណបក្ស នៃប្រទេសទាំងពីរដោយតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចនៅពេលនេះ ក៏មានការចុះហត្ថលេខា អនុស្សរណៈនៃការយោគយល់គ្នា រវាងគណបក្សនៃប្រទេសទាំងពីរផងដែរ ដែល លោក សង្ឃឹមថាតាមរយៈ MOU នេះ នឹងកាន់តែញាំងបន្ថែមទៀតឱ្យទំនាក់ទំនងរវាងគណបក្សទាំងពីរកាន់តែរឹងមាំនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ជាពិសេសសម្រាប់ការបណ្ដុះបណ្ដាលដល់អ្នកបន្តវេនជំនាន់ក្រោយរបស់គណបក្ស។
ជាមួយគ្នានេះ សម្ដេចតេជោ បានរំលេចថា នៅក្នុងឆ្នាំ២០២៦នេះ គឺជាខួប៣៥ ឆ្នាំនៃដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ លើកដំបូង ដែលសម្ដេចបានធ្វើដំណើរមកកាន់ចិន ហើយក៏គាប់ជួនចំនឹងខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិនផងដែរ ដែលនេះឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
សូមជម្រាបដែរថា តាមរយៈជំនួបនោះ សម្ដេចតេជោ ក៏បានលើកឡើងថា ទំនាក់ទំនងរវាងបក្ស និងបក្ស គឺជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ៕អត្ថបទ៖ហ្សាលីន

