លោក ចាវ ឡឺជី ហៅទំនាក់ទំនងកម្ពុជាចិនថា ជាទំនាក់ទំនងមិត្តដែកថែប ដែលតែងតែយកអាសាគ្នា

សង្គម​ និង​សេដ្ឋកិច្ច

លោក ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានហៅទំនាក់ទំនងកម្ពុជា និងចិនថា ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប ដែលតែងតែជួយយកអាសាគ្នាទៅវិញទៅមក។ លោកថ្លែងបែបនេះ នៅក្នុងពេលជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដែលជំនួបនេះធ្វើឡើងនៅមហាវិមានប្រជាជនចិន រដ្ឋធានីប៉េកាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោក ចាវ ឡឺជី បានស្វាគមន៍សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិននាពេលនេះ។ លោកបានហៅទំនាក់ទំនងកម្ពុជា និងចិនថា ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប ដែលតែងតែជួយយកអាសាគ្នាទៅវិញទៅមក។ លោកក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំទៅ គឺបានបង្ហាញនូវការពង្រឹងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំជាពិសេសគឺការជំរុញការអនុវត្ត ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគ្គសម័យថ្មី។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានអរគុណ លោក ចាវ ឡឺជី ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេច និងគណៈប្រតិភូកម្ពុជា។ សម្ដេចបានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ សម្ដេច សង្កត់ធ្ងន់ថា ទោះបីជាពិភពលោកមានការប្រែប្រួល អាកាសធាតុមានការប្រែប្រួលតែមិត្តភាព កម្ពុជា-ចិន មិនប្រែប្រួលឡើយ។

នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងនៅក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ ស្ថាប័នបក្ស និងស្ថាប័ននីតិបញ្ញត្តិ ដោយ សម្ដេច បានបញ្ជាក់ថា សម្ដេច ចង់ឃើញស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសទាំងពីរដើរតួនាទីកាន់តែសកម្មបន្ថែមទៀត នៅក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ដើម្បីគាំទ្រដល់ស្ថាប័ននីតិប្រតិបត្តិ និងគណបក្សរវាងប្រទេសទាំងពីរដែរ។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ លោក ចាវ ឡឺជី បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ សម្ដេចតេជោ ហើយ លោក បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងចិនគឺជាការទាក់ទងទំនាក់ទំនងដោយការជឿជាក់គ្នា ដែលមិនអាចមានអ្នកណាមកបំបែកនូវមិត្តភាពនេះបានឡើយ។ លោកក៏បានលើកឡើងអំពីការជំរុញនូវកិច្ចសហប្រតិបត្តិការក្នុងស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសទាំងពីរ៕អត្ថបទ៖ហ្សាលីន