ក្រុមហ៊ុន SpaceX មានគម្រោងចាប់ផ្តើមសាងសង់បំពង់បង្ហូរឧស្ម័នប្រវែង ១៣ គីឡូម៉ែត្រ ដែលមានឈ្មោះថា “Starpipe” ទៅកាន់កន្លែងបាញ់បង្ហោះយានអវកាស Starship របស់ខ្លួននៅរដ្ឋតិចសាស់ នៅខែក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមឯកសារដែលបានដាក់ជូនគណៈកម្មការផ្លូវដែករដ្ឋតិចសាស់ ដោយក្រុមហ៊ុន Lone Star Mineral Development ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SpaceX បានឲ្យដឹងថាគម្រោង Starpipe ដែលនឹងត្រូវតភ្ជាប់ទៅកាន់ទីស្នាក់ការបាញ់បង្ហោះ Starbase របស់ក្រុមហ៊ុន SpaceX នៅរដ្ឋតិចសាស់ ត្រូវបានគេរំពឹងថានឹងដាក់ឱ្យដំណើរការនៅថ្ងៃទី២៦ ខែមករា ឆ្នាំក្រោយ។
ជុំវិញផែនការសង់បំពង់បង្ហូរឧស្ម័ននេះ គឺបង្ហាញពីចេតនារបស់មហាសេដ្ឋី Elon Musk ក្នុងការពន្លឿនការអភិវឌ្ឍរបស់យាន Starship របស់ខ្លួន និងដាក់គោលដៅក្នុងការបាញ់បង្ហោះនៅក្នុងអត្រាលឿនជាងមុន។ យាន Starship ដែលមានកម្ពស់ស្មើអគារ ៤០ ជាន់នេះ គឺជាចំណុចកណ្តាលនៃការជំរុញរបស់ SpaceX ក្នុងការពង្រីកបណ្តាញអ៊ីនធឺណិត Starlink របស់ខ្លួន ដាក់ពង្រាយផ្កាយរណបមជ្ឈមណ្ឌលទិន្នន័យ AI តាមគន្លងកម្រិត និងការដឹកអវកាសយានិកទៅកាន់ឋានព្រះច័ន្ទ និងភពអង្គារ នាពេលអនាគត។
យ៉ាងណាមិញ ដោយត្រូវបានរចនាឡើងដើម្បីអាចប្រើប្រាស់ឡើងវិញបានពេញលេញ Starship ត្រូវប្រើប្រាស់ឧស្ម័នមេតានរាវប្រហែល ៦៣០ ០០០ ហ្គាឡុង (២,៤ លានលីត្រ) ក្នុងការបាញ់បង្ហោះម្តង ដែលបច្ចុប្បន្នឧស្ម័នទាំងនេះត្រូវបានដឹកជញ្ជូនដោយឡានរាប់រយគ្រឿង ហើយត្រូវការចំណាយពេលយូរ។
គួរជម្រាបជូនថា យាន Starship បានបញ្ចប់ការបាញ់បង្ហោះសាកល្បងចំនួន ១២ លើក គិតចាប់តាំងពីឆ្នាំ២០២៣ ប៉ុន្តែលោក Musk មានគោលបំណងបង្កើនការបាញ់បង្ហោះរហូតដល់រាប់សិប រាប់រយ និងរាប់ពាន់ដងក្នុងមួយឆ្នាំតាមរយៈគម្រោងបង្ហូរឧស្ម័នថ្មីរបស់ខ្លួននេះ៕

