Apple ប្រកាសដំឡើងថ្លៃផលិតផលសំខាន់ៗរបស់ខ្លួន ចំពេលតម្លៃអង្គចងចាំហក់ឡើងខ្ពស់

អន្តរជាតិ

ក្រុមហ៊ុន Apple បានប្រកាសដំឡើងថ្លៃទៅលើផលិតផលសំខាន់ៗរបស់ខ្លួន រួមទាំង iPad និង MacBook ដោយសារតែតម្លៃបន្ទះឈីបអង្គចងចាំដែលខ្លួនប្រើប្រាស់នោះ កំពុងហក់ឡើងយ៉ាងកំហុគ ចំពេលមានតម្រូវខ្ពស់លើ AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញការផ្លាស់ប្តូរតម្លៃនេះ ហាក់មិនប៉ះពាល់ទៅដល់ iPhone ដែលជាប្រភពចំណូលដ៏សំខាន់របស់ក្រុមហ៊ុន Apple នោះឡើយ។ ប៉ុន្តែវានឹងធ្វើឲ្យតម្លៃរបស់ MacBook Neo ដែលជាកុំព្យូទ័រយួរដៃដែលមានតម្លៃទាបបំផុតរបស់ក្រុមហ៊ុន នឹងឡើងថ្លៃពី ៥៩៩ដុល្លារ ដល់ ៦៩៩ដុល្លារ ពោលគឺបន្ទាប់ពីមានការប្រកាសចេញលក់បានត្រឹមមួយខែ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Apple ក៏បានដំឡើងថ្លៃ MacBook Air ដែលមានទំហំផ្ទុក ៥១២ជីហ្គាបៃ ដល់ ១ ២៩៩ដុល្លារពីតម្លៃដើម ១ ០៩៩ដុល្លារ ខណៈដែល MacBook Pro ដែលទំហំផ្ទូក ១ តេរ៉ាបៃ បានកើនឡើងតម្លៃដល់ ១ ៩៩៩ដុល្លារពីតម្លៃដើម ១ ៦៩៩ដុល្លារផងដែរ។

ចំណែកឯ iPad Air ដែលមានទំហំផ្ទុក ១២៨ ជីហ្គាបៃបានកើនឡើងពី ៥៩៩ដុល្លារដល់ ៧៤៩ដុល្លារ។ ក្រៅពីនោះឧបករណ៍បំពងសម្លេងឆ្លាតវៃ HomePod និងសេវាកម្ម Apple TV ក៏កើនឡើងតម្លៃផងដែរ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដូចជា Micron ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានផ្តល់អាទិភាពដល់ការបញ្ជាទិញពីក្រុមហ៊ុនផលិតបន្ទះឈីប AI ដូចជា Nvidia ជំនួសវិញ ដែលជួយពួកគេរកប្រាក់ចំណេញកាន់តែច្រើន ស្របពេលការផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុនអេឡិចត្រូនិក ដូចជា Apple មានកម្រិតតិចតួច ដែលជាហេតុធ្វើឲ្យមានការកើនឡើងតម្លៃយ៉ាងខ្លាំងបែបនេះ៕​