កម្ពុជា និងគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនសាជីវកម្មធំៗរបស់ចិន បានមកជួបពិភាក្សាគ្នា ដើម្បីដឹងពីឱកាសវិនិយោគលើវិស័យបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលផ្តោតលើវិស័យជាច្រើន។នេះបើតាមជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយបណ្តារក្រុមហ៊ុនសាជីវកម្មធំៗ កាលទី២៧ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាស៊ីជម្រៅជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់នៃបណ្តាក្រុមហ៊ុនសាជីវកម្មធំៗ លើកាលានុវត្តភាពវិនិយោគក្នុងវិស័យយុទ្ធសាស្ត្រសំខាន់ៗ ដែលជាជំនាញឯកទេសកម្រិតអន្តរជាតិរបស់ក្រុមហ៊ុន រួមមានជាអាទិ៍៖ ការអភិវឌ្ឍលើវិស័យថាមពល (វារីអគ្គិសនី, ថាមពលដើរដោយខ្យល់, ថាមពលពន្លឺព្រះអាទិត្យ, និងថាមពលដើរដោយធ្យូងថ្ម), ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, វិស័យវិស្វកម្មគីមីនិងឥន្ធនៈ ដូចជាការរៀបចំរោងចក្រគីមីឥន្ធនៈ រោងចក្រចម្រាញ់ប្រេង និងរោងចក្រផលិតជីកសិកម្មជាដើម។
ទន្ទឹមនឹងនេះ កិច្ចពិភាក្សាក៏បានផ្តោតលើកិច្ចសហប្រតិបត្តិការ សំដៅបើកទំព័រថ្មីក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យបច្ចេកវិទ្យាទំនើបចុងក្រោយ រួមមាន៖ ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាអាកាសយានគ្មានមនុស្សបើក (Drone) ដើម្បីជាការចូលរួមជំរុញការធ្វើទំនើបកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត។

នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្តែងស្វាគមន៍បំណងប្រាថ្នាវិនិយោគដ៏មានតម្លៃរបស់បណ្តាសាជីវកម្មឈានមុខរបស់ចិន ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមកម្ពុជា។ ក្នុងឱកាសនោះ លោកប្តេជ្ញាផ្តល់នូវរាល់កិច្ចសម្របសម្រួល បង្កលក្ខណៈងាយស្រួល និងគាំទ្រយ៉ាងពេញទំហឹងជូនដល់វិនិយោគិនទាំងអស់។
សូមជម្រាបដែរថា តាមរយៈជមនួបខាងលើ ភាគីកម្ពុជា បានជំរុញឱ្យបណ្តាក្រុមហ៊ុនទាំងអស់ បន្តសិក្សាស្វែងយល់បន្ថែមដើម្បីពង្រីកការវិនិយោគផ្ទាល់លើគម្រោងបច្ចេកវិទ្យាបៃតង និងនវានុវត្តន៍ឌីជីថលទំនើបៗ ដែលមិនត្រឹមតែឆ្លើយតបទៅនឹងផែនការអន្តរកាលថាមពលស្អាតរបស់កម្ពុជានោះទេ ប៉ុន្តែថែមទាំងជាកាតាលីករគន្លឹះក្នុងការលើកកម្ពស់ខ្សែច្រវាក់តម្លៃឧស្សាហកម្ម ព្រមទាំងការកសាងសមត្ថភាពបច្ចេកទេសក្នុងស្រុក សំដៅរួមចំណែកយ៉ាងពិតប្រាកដក្នុងការជំរុញ «របៀងអភិវឌ្ឍន៍ឧស្សាហកម្មនិងបច្ចេកវិទ្យា កម្ពុជា-ចិន» ឱ្យកាន់តែមានឫសគល់មាំមួន ប្រកបដោយបរិយាបន្ន និងចីរភាពតទៅអនាគត៕អត្ថបទ៖ហ្សាលីន


