តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង បច្ចុប្បន្នបានធ្វើការអភិវឌ្ឍលើផ្ទៃដីប្រមាណ៤៥% ហើយតំបន់សេដ្ឋកិច្ចពិសេសមួយនេះ ក៏កំពុងមានតម្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៣.០០០នាក់ បន្ថែមទៀតផងដែរ។នេះបើតាមទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ក្នុងគោលបំណងដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងការវិនិយោគនៅក្នុងតំបន់នេះ ដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំគណៈប្រតិភូ គ.វ.ក. កាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។

តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង (ស្ថិតក្នុងភូមិអូរជ្រៅ ភូមិផ្លោង ឃុំបឹងព្រាវ និងភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង) និងសកម្មភាពវិនិយោគនៃចង្កោមឧស្សាហកម្មផលិតគ្រឿងសង្ហារឹមនៅក្នុងតំបន់នេះ
តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ជាតំបន់សេដ្ឋកិច្ចពិសេសមួយដែលមានទំហំផ្ទៃដីធំ និងមានសន្ទុះលឿនក្នុងការអភិវឌ្ឍបន្ទាប់ពីបានបង្កើតឡើងនៅឆ្នាំ២០២៤ ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដោយស្វាហាប់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្តែង ក្នុងអំឡុងពេលជាង២ឆ្នាំ តំបន់សេដ្ឋកិច្ចពិសេសនេះបានធ្វើការអភិវឌ្ឍលើផ្ទៃដីប្រមាណ៤៥% នៃផ្ទៃដីសរុបដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញអគ្គិសនី អាងស្តុកទឹក រោងចក្រផលិតទឹកស្អាត និងកន្លែងស្នាក់នៅបុគ្គលិកកម្មករ ។ ល ។ និងទទួលបានការវិនិយោគចំនួន ៧៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ៥៦៧លានដុល្លារអាមេរិក ក្នុងនោះ គំរោងចំនួន ៤១ កំពុងសាងសង់ និងគំរោងចំនួន ៣៥ ទៀតបាននិងកំពុងដំណើរការសកម្មភាពរបស់ខ្លួនដែលបានស្រូបទាញកំលាំងពលកម្មក្នុងស្រុកសរុបចំនួនជាង ៥.០០០ នាក់ ហើយកំពុងមានតម្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៣.០០០នាក់ទៀតផងដែរ។ សកម្មភាពវិនិយោគទាំងនេះបាននិងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដែលបាននាំមកនូវចង្កោមឧស្សាហកម្មថ្មីៗជាពិសេសឧស្សាហកម្មផលិតគ្រឿងបង្គំសង្ហារឹម និងផលិតផលគ្រឿងសង្ហារឹម ដែលផ្តល់ការងារនិងប្រាក់បៀវត្សសមរម្យ (មិនក្រោម៣៥០ដុល្លារអាមេរិកក្នុងមួយខែ) ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋមកពីបណ្តាខេត្តឆ្ងាយៗផងដែរ។

វឌ្ឍនភាពនៃការរីកចម្រើនលូតលាស់នៃតំបន់សេដ្ឋកិច្ចពិសេសនេះ ក៏ជាការបង្ហាញពីជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលទោះបីក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ក៏ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅតែបោះជំហានទៅមុខឥតឈប់ឈរ៕ អត្ថបទ៖ហ្សាលីន



