គម្រោងវិនិយោគ តម្លៃ៨៣លានដុល្លារ ក្នុងខេត្តចំនួន៤ ទទួលបានការលើកចិត្តពិសេសពីរដ្ឋាភិបាល

សង្គម​ និង​សេដ្ឋកិច្ច

ខេត្តចំនួន៤ នៃតំបន់ភូមិភាគឦសាន ត្រូវបានរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគចំនួន ៦ ក្រោមទុនវិនិយោគប្រមាណ ៨៣ លានដុល្លារអាម៉េរិក។នេះបើយោងតាមកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ៥ សម្រាប់គម្រោងវិនិយោគចំនួន ៦ ដឹកនាំដោយ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីចុងសប្តាហ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំនោះ រដ្ឋាភិបាល បានសម្រេច ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស សម្រាប់គម្រោងវិនិយោគចំនួន ៦ ក្រោមទុនវិនិយោគប្រមាណ ៨៣ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ២ ៥៨៧ កន្លែង នៅពេលដំណើរការ។គម្រោងទាំងនេះ រួមមាន ៖ ២ គម្រោង នៅខេត្តរតនគិរី, ២ គម្រោង នៅខេត្តមណ្ឌលគិរី, ១ គម្រោង នៅខេត្តស្ទឹងត្រែង និង ១ គម្រោង នៅខេត្តក្រចេះ ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគរោងចក្រផលិតម្សៅដំឡូងមីស្រស់, រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី, គម្រោងដាំដុះដំណាំកៅស៊ូ និង រោងចក្រកែច្នៃជ័រកៅស៊ូ, គម្រោងទេសចរណ៍ធម្មជាតិ, និង គម្រោងដំាដុះ និង រោងចក្រកែច្នៃកាហ្វេ ។
 
ជាមួយគ្នានេះ លោក ហ៊ាន សាហ៊ីប មានសុទិដ្ឋិនិយមថា ជាមួយនឹងការធ្លាក់ចុះជាបណ្តើរៗនៃតម្លៃប្រេង ដែលជាផ្នែកចម្បងនៃថ្លៃផលិតកម្មក្នុងវិស័យកសិកម្ម និងការកែច្នៃ, វិនិយោគិននឹងអាចមានស្ថិរភាពប្រតិបត្តិការឡើងវិញ ហើយមានចាប់អារម្មណ៍ពង្រីកអាជីវកម្មរបស់ខ្លួន។
 
គួរបញ្ជាក់ជូនថា បន្ទាប់ពីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោងវិនិយោគសរុបចំនួន ៦៦ គម្រោង ក្រោមទុនវិនិយោគសរុប ២ ៤៧៨,៦ លានដុល្លារអាម៉េរិក និង បានឯកភាពផ្តល់គោលការណ៍ជូនគម្រោងវិនិយោគចំនួន ៤៥ គម្រោង ក្រោមទុនវិនិយោគជាង ២ ០០០ លានដុល្លារអាម៉េរិក៕ អត្ថបទ៖ហ្សាលីន