អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេសប្រេស ខូអិលធីឌី និងលោកជំទាវ ប៊ុន ចន្ធូ បានអញ្ជើញចូលរួមពិធីសម្ពោធផ្លូវបេតុងអ៊ុតកៅស៊ូ ប្រវែង ៧,០០០ម៉ែត្រ ចេញពីរង្វង់មូលនាគព័ន្ធ ឆ្ពោះទៅកាន់រមណីយដ្ឋានឋានសួគ៌គិរីរម្យ រីស៊ត នៅលើភ្នំគិរីរម្យ តម្លៃជាង ១,២២លានដុល្លារ ដែលជាអំណោយក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប។

ពិធីសម្ពោធផ្លូវបេតុងអ៊ុតកៅស៊ូថ្មីនេះ បានធ្វើឡើងក្រោមអធិបតីយភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពី និងមន្រ្តីអមដំណើរមួយចំនួនទៀត។
តាមរយៈសារលើបណ្តាញសង្គម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា បណ្ឌិត បានលើកឡើងថា៖ “ពិធីសម្ពោធផ្លូវបេតុង អ៊ុតកៅស៊ូប្រវែង ៧,០០០ម៉ែត្រ នៅគីរីរម្យ ពីរង្វង់មូលនាគព័ន្ធ ឆ្ពោះទៅកាន់រមណីយដ្ឋានឋានសួគ៌គីរីរម្យ ដែលចំណាយថវិកាអស់ ១,២២៥,០០០ ដុល្លារ (មួយលានពីរសែនពីរម៉ឺនប្រាំពាន់ដុល្លារ) ជាអំណោយរបស់ក្រុមហ៊ុន វិរ: ប៊ុនថាំ គ្រុប”។
អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានគូសបញ្ជាក់ថា ផ្លូវបេតុងអ៊ុតកៅស៊ូថ្មីនេះ ជាសមិទ្ធផលថ្មីមួយទៀតដើម្បីជំរុញវិស័យទេសចរនៅតំបន់គិរីរម្យ នារដូវកាលបៃតង ហើយភ្ញៀវទេសចរលែងបារម្ភក្នុងការធ្វើដំណើរទៅកាន់ឧទ្យានបោះតង់ទៀតហើយ៕












