អ្នកជំនាញ ដែលមកពីក្រុមការងារចម្រុះ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងសម្រាប់ការប្រៀបធៀប និងជ្រើសរើសទីតាំងសាងសង់ស្ពានកោះខ្សាច់ទន្លា ដើម្បីឈានទភជំរុញការសាងសង់ស្ពាននេះឱ្យឆាប់។

ការចុះពិនិត្យទីតាំងនេះ មានការចូលរួមពីក្រុមការងារបច្ចេកទេសអង្គភាពគ្រប់គ្រងគម្រោងស្ពានកោះខ្សាច់ទន្លា នៃក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT PMU-KTB), ក្រុមការងារទីប្រឹក្សាបច្ចេកទេសគម្រោងស្ពានកោះខ្សាច់ទន្លា (Chodai Co., Ltd & ES International Consultants Co., Ltd), ក្រុមការងារទីប្រឹក្សាផ្នែកផលប៉ះពាល់បរិស្ថាន និង សង្គម (ESIA), ក្រុមការងារនៃនាយកដ្ឋានទូទៅនៃការតាំងទីលំនៅឡើងវិញ(GDR), ក្រុមការងារនៃធនាគារវិនិយោគអឺរ៉ុប (EIB) និងក្រុមការងារទីប្រឹក្សានៃធនាគារវិនិយោគអឺរ៉ុប NTU រួមទាំងមេឃុំកោះខ្សាច់ទន្លា។

ស្ថាប័នជំនាញទាំងនេះ បានចុះត្រួតពិនិត្យទីតាំងសាងសង់ស្ពានកោះខ្សាច់ទន្លា ជាក់ស្តែងចំនួន៤កន្លែង សម្រាប់ការប្រៀបធៀប និងជ្រើសរើសទីតាំងសាងសង់ស្ពានកោះខ្សាច់ទន្លា ដោយក្រុមការងារបច្ចេកទេសបានបង្ហោះដ្រូន ផ្តិតយករូបភាពនៅទីតាំងជាក់ស្តែង និងបានត្រួតពិនិត្យពីផលប៉ះពាល់ទាំងឡាយដែលអាចកើតមានចំពោះ បរិស្ថាន និង សង្គម នៃទីតាំងនីមួយៗ។ក្រុមការងារក៏បានចុះត្រួតពិនិត្យផងដែរនូវស្ថានភាពដី និងស្ថានភាពច្រំាងទន្លាជាក់ស្តែងនៃទីតំាងនីមួយៗ ព្រមទាំងបានសាកសួរព័ត៌មានបឋមអំពីស្ថានភាពប្រជាជន និងការប្រកបរបរទទួលទាននៃប្រជាជនដែលរស់នៅលើកោះខ្សាច់ទន្លា។
ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល មានតម្លៃជាង ១២ លានដុល្លារ ដែលមានប្រវែងប្រមាណ ២៨០ម៉ែត្រ និងសាងសង់ផ្លូវតភ្ជាប់ពីក្បាលស្ពាន ប្រវែងប្រមាណ ២៧៦ម៉ែត្រ នឹងលេចរូបរាងឡើងឆាប់ៗ៕ អត្ថបទ៖ហ្សាលីន


