ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោក ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្មនៃគម្រោង LASED III បានដឹកនាំក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្ត ចុះជួបសំណេះសំណាលផ្ទាល់ជាមួយសម្បទានិកដែលទទួលផលពីគម្រោង ស្ថិតក្នុងខេត្តចំនួន៤ រួមមាន៖ ខេត្តកំពង់ធំ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គោលបំណងសំខាន់នៃការចុះបេសកកម្ម គឺដើម្បី វាយតម្លៃជីវភាព៖ ដោយពិនិត្យមើលស្ថានភាពរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតជាក់ស្តែងរបស់ប្រជាពលរដ្ឋ, ដោះស្រាយបញ្ហា៖ ប្រមូលព័ត៌មានជុំវិញបញ្ហាប្រឈម និងសំណូមពរនានារបស់សហគមន៍, តាមដានការអភិវឌ្ឍ៖ ពិនិត្យវឌ្ឍនភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ នៅតាមគោលដៅទីតាំងដីសម្បទានសង្គមកិច្ច។

គួរឱ្យដឹងថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នេះ គឺជាយន្តការដ៏សំខាន់មួយរបស់ក្រសួងកសិកម្ម ក្នុងការជួយគាំទ្រដល់គ្រួសារក្រីក្រ និងជនជាតិដើមភាគតិច ឲ្យមានដីធ្លីពិតប្រាកដសម្រាប់បង្កបង្កើនផល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឲ្យកាន់តែប្រសើរឡើង៕




