ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានឆ្លើយតបនឹងសំណួរអំពី ចក្ខុវិស័យបុរី វិមានសំណាង មានតម្លៃដល់ខ្ទង់ពាន់លានដុល្លារ នៅឆ្នាំ២០៣៦ និងផែនការអភិវឌ្ឍអាជីវកម្មចម្រុះនៅត្រឹមឆ្នាំ២០៥៦។

លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា៖ “មានរឿងអស់សំណើចមួយ ដែលក្រុមការងារបានសួរ ខ្ញុំបាទ គីម ហ៊ាង អំពី បុរី វិមានសំណាង នឹងមានតម្លៃខ្ទង់ពាន់លានដុល្លារ ក្នុងឆ្នាំ២០៣៦ និងការសាងសង់អោយបាន ១០០ ០០០ផ្ទះ វីឡា ខុនដូ ព្រមទាំងសាលារៀន មន្ទីរពេទ្យ ផ្សារ ធនាគារ រោងចក្រ មជ្ឈមណ្ឌលលំហែកំសាន្ត និងកន្លែងលេងកីឡាចម្រុះ នៅទូទាំងប្រទេស ត្រឹមឆ្នាំ២០៥៦។ មែនទែនទៅ ខ្ញុំបាទ គីម ហ៊ាង ក៏ឆ្លើយមិនទាន់ចេញ ដោយទុកអោយពេលវេលាជាអ្នកកំណត់”។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបន្តថា លោកបានប្រលងជាប់បាក់ឌុប ក្នុងឆ្នាំ១៩៩៨ តែប្រលងឆ្លាក់ក្នុងការចូលរៀនមហាវិទ្យាល័យរដ្ឋ អត់មានលុយរៀនមហាវិទ្យាល័យឯកជន ប៉ុន្តែលោកបានរៀនចប់ថ្នាក់បណ្ឌិត ក្នុងឆ្នាំ២០១៧ និងបានធ្វើជាគ្រូបង្រៀនថ្នាក់បណ្ឌិត តាំងពីឆ្នាំ២០២២។
លើសពីនេះ លោកចាប់ផ្តើមរកស៊ីក្នុងឆ្នាំ២០០១ ដោយយកថ្នាក់រៀនរបស់ខ្លួន បន្ទប់ 9E ជាន់ទីបី នៃវិទ្យាស្ថានជាតិគ្រប់គ្រង (NIM) ធ្វើជាការិយាល័យ ហើយថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក របស់លោកមានតម្លៃ ១០០លានដុល្លារ ក្នុងផ្សារភាគហ៊ុនកម្ពុជា។
លោកឧកញ៉ាបណ្ឌិត បានបន្ថែមថា កម្ពុជាមានប្រជាជន ១៨លាននាក់ ចំណែកអាស៊ានមានប្រជាជនជាង ៧០០លាននាក់ ហើយអាចមានច្រើនលាននាក់ស្គាល់ ស្រលាញ់ និងទុកចិត្តលើ គីម ហ៊ាង ដោយត្រឹមព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ មានអ្នកវិនិយោគសរុប ៤៨៤នាក់ បានដាក់លុយចូលទិញ IPO របស់ បុរី វិមានសំណាង ដោយអ្នកទិញតិចជាងគេ ១០០ភាគហ៊ុន ស្មើ ៣០ដុល្លារ និងអ្នកទិញច្រើនជាងគេ ១៣០ ០០០ភាគហ៊ុន ស្មើ ៣៩ ០០០ដុល្លារ។
សូមជម្រាបថា សម្រាប់ផែនការនាពេលអនាគត បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង គ្រោងនឹងសាងសង់អោយបាន ១០០ ០០០ផ្ទះ វីឡា ខុនដូ ព្រមទាំងសាលារៀន មន្ទីរពេទ្យ ផ្សារ ធនាគារ រោងចក្រ មជ្ឈមណ្ឌលលំហែកំសាន្ត និងកន្លែងលេងកីឡាចម្រុះ នៅទូទាំងប្រទេស នៅរយៈពេល ៣០ឆ្នាំទៀត ពោលគឺនៅត្រឹមឆ្នាំ២០៥៦។


