អង្គការ OPEC សម្រេចបង្កើនការផលិតប្រេងរបស់ខ្លួន សម្រាប់ខែទី៥ ជាប់ៗគ្នា

អន្តរជាតិ

អង្គការ OPEC ដែលជាសម្ព័ន្ធនៃក្រុមប្រទេសផលិតប្រេងឈានមុខគេរបស់ពិភពលោក បានយល់ព្រមបន្តកើនការផលិតប្រេងរបស់ខ្លួន នៅក្នុងខែសីហា បើទោះបីជាមានបញ្ហាប្រឈមនៅមជ្ឈិមបូព៌ាក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីកិច្ចប្រជុំតាមរយៈប្រព័ន្ធអ៊ីនធឺណិតនៅថ្ងៃទី៥ ខែកក្កដា អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន (OPEC+) បានប្រកាសថា ការផលិតប្រេងនឹងកើនឡើង ១៨៨ ០០០ បារ៉ែលក្នុងមួយថ្ងៃដោយចាប់ផ្តើមពីខែសីហា។ ការកើនឡើងនេះគឺស្រដៀងគ្នាទៅនឹងអ្វីដែលបានឃើញនៅក្នុងខែមិថុនា និងខែកក្កដាកន្លងទៅដែរ។

គួរឲ្យដឹងថា ក្នុងរយៈពេលបីខែកន្លងមកនេះ សមាជិកសំខាន់ៗទាំងប្រាំពីររបស់ OPEC+ បានបង្កើនការផលិតប្រេងជិត ៨០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ រៀងៗខ្លួន ខណៈពេលដែលជម្លោះនៅមជ្ឈិមបូព៌ាបានរំខានដល់លំហូរប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលប៉ះពាល់ដល់សមាជិកសំខាន់ៗរបស់ OPEC+ រូួមមានអារ៉ាប៊ីសាអូឌីត គុយវ៉ែត និងអ៊ីរ៉ាក់។

យ៉ាងណាមិញ យោងតាមទិន្នន័យពីទីភ្នាក់ងារដដែលនេះ បានបង្ហាញថា ការផលិតសរុបក្នុងខែឧសភាបានធ្លាក់ចុះពីខែមុនៗ មកនៅត្រឹម ៣៣,១៣ លានបារ៉ែលក្នុងមួយថ្ងៃ។ មុនពេលមានជម្លោះ តួលេខនេះគឺមានចំនួន ៤២,៧ លានបារ៉ែលក្នុងខែកុម្ភៈ។ ផលិតកម្មបានចាប់ផ្តើមងើបឡើងវិញនៅក្នុងខែមិថុនា ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការជួយអារ៉ាប់រួម និងប្រទេស OPEC+ ផ្សេងទៀតបង្កើនការនាំចេញ។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពនេះនៅតែទាបជាងកម្រិតមុនជម្លោះដដែល។

គួរជម្រាបជូនថា OPEC+ បានចាប់ផ្តើមកាត់បន្ថយផលិតកម្មរបស់ខ្លួននៅឆ្នាំ២០២២ ដើម្បីទប់ស្កាត់ការផ្គត់ផ្គង់លើសនៅក្នុងទីផ្សារ ដែលនឹងជំរុញឱ្យតម្លៃប្រេងធ្លាក់ចុះ និងប៉ះពាល់ដល់សមាជិកដែលពឹងផ្អែកលើប្រាក់ចំណូលពីប្រេង។ ប៉ុន្តែនៅខែមេសា ឆ្នាំ២០២៥ ផលិតកម្មរបស់អង្គការនេះត្រូវបានគេរំពឹងថានឹងកើនឡើងបន្តិចម្តងៗ ដើម្បីទទួលបានចំណែកទីផ្សារឡើងវិញពីគូប្រជែង ដូចជាសហរដ្ឋអាមេរិកជាដើម៕​