យោងតាមអ្នកវិភាគបានព្យាករថា ប្រាក់ចំណេញនៅត្រីមាសទីពីររបស់ក្រុមហ៊ុនប្រេង និងឧស្ម័នធំៗរបស់សហរដ្ឋអាមេរិក នឹងកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០២២ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនប្រេង និងឧស្ម័នរបស់សហរដ្ឋអាមេរិកជាច្រើន កំពុងរៀបចំប្រកាសពីប្រាក់ចំណេញរបស់ពួកគេ នៅក្នុងត្រីមាសទីពីរដែលអាចមានចំនួនខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ២០២២ មក ចំពេលមានការត្អូញត្អែរជាបន្តបន្ទាប់ពីជនជាតិអាមេរិក និងប្រធានាធិបតី លោក ដូណាល់ ត្រាំ អំពីតម្លៃប្រេងសាំងហក់ឡើងខ្ពស់។
យោងតាមទិន្នន័យដែលទទួលបានពី LSEG បានបង្ហាញថាក្រុមហ៊ុន Exxon Mobil ត្រូវបានគេរំពឹងថានឹងសម្រេចបានប្រាក់ចំណេញសុទ្ធចំនួន ១៥,៩ពាន់លានដុល្លារ ដែលច្រើនជាងបីដងនៃប្រាក់ចំណេញកាលពីត្រីមាសទីមួយ។ ខណៈក្រុមហ៊ុន Chevron អាចរកប្រាក់ចំណូលបានប្រហែល ៩,៩ពាន់លានដុល្លារ ដែលក៏ជាចំនួនច្រើនជាងបីដងនៃត្រីមាសទីមួយផងដែរ។
យ៉ាងណាមិញ តម្រូវការនាំចូលប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកយ៉ាងខ្លាំងក៏បានរួមចំណែកដល់ការកើនឡើងនៃប្រាក់ចំណេញកាន់តែច្រើនឡើងផងដែរ ដោយសារជម្លោះនៅមជ្ឈិមបូព៌ាបានបណ្តាលឱ្យរោងចក្រចម្រាញ់ប្រេងនៅក្រៅប្រទេសជាច្រើនជួបប្រទះនឹងកង្វះខាតការផ្គត់ផ្គង់ពីតំបន់ឈូងសមុទ្រ។ យោងតាមក្រុមហ៊ុនទិន្នន័យ Kpler ការនាំចេញប្រេងឆៅរបស់សហរដ្ឋអាមេរិកក្នុងខែឧសភាបានឈានដល់ចំនួន ៥,៦ លានបារ៉ែលក្នុងមួយថ្ងៃ ពោលគឺបានកើនឡើងលើសចំនួនកំណត់ត្រា ៥,២ លានបារ៉ែលក្នុងមួយថ្ងៃដែលត្រូវបានកត់ទុកនៅក្នុងខែមេសា។
ទន្ទឹមនឹងនេះ លោក Matt Smith នាយកស្រាវជ្រាវទំនិញនៅ Kpler បាននិយាយថា វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលសហរដ្ឋអាមេរិកកំពុងទទួលបានការទិញប្រេងច្រើនបែបនេះ ដោយសារតែកង្វះខាតការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ា ខណៈអឺរ៉ុប និងអាស៊ី គឺជាអតិថិជនកំពូល៕

