សម្ដេចធិបតី សម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ភ្ជាប់ស្គន់-ក្រុងកំពង់ចាម ជាផ្លូវការហើយ

សង្គម​ និង​សេដ្ឋកិច្ច

កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ហើយ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កំណាត់ផ្លូវជាតិលេខ៧នេះគឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្ត រួមមាន នៅចំណុច ចាប់ផ្តើមខ្សែផ្លូវនេះបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៦(ពីរង្វង់មូលទីប្រជុំជនស្គន់) ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងទិសដៅខេត្តកំពង់ធំ ខេត្តសៀមរាប។

កំណាត់ផ្លូវនេះ សម្តេចថា ក៏បានតភ្ជាប់ត្រង់ចំណុចផ្លូវបំបែកស្រុកព្រៃឈរជាមួយផ្លូវជាតិលេខ៦០ ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧០ ឆ្ពោះទៅកាន់ ស្រុកកងមាស ព្រមទាំងបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្លូវបំបែកត្រើងទៅកាន់ស្រុកចំការលើ និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ២២២ ក្នុងទិសដៅទៅកាន់ស្រុកស្ទឹងត្រង់ និងផ្លូវខេត្តលេខ២២៣ក្នុងទិសដៅទៅកាន់ស្រុកកងមាស និងឆ្ពោះទៅកាន់តំបន់ខេត្តស្ថិតនៅភូមិភាគឦសាន។

ជាមួយគ្នានេះ សម្តេចធិបតី បានចាត់ទុកថា ការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៧ ឡើងវិញ បានប្រែក្លាយខ្សែផ្លូវនេះទៅជាខ្សែផ្លូវមួយដ៏រឹងមាំ ធំទូលាយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្មរបស់ប្រជាពលរដ្ឋក្នុងតំបន់។

សូមជម្រាបដែរថា គម្រោងសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៧ មានប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ (ទីរួមស្រុកជើងព្រៃ) ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម) ត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង(២គន្លងទៅ ២គន្លងមក) ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងមានសួនពុះទ្រូងផ្លូវប្រវែង ១,៥ម៉ែត្រ។ កំណាត់ផ្លូវជាតិនេះបានរួមបញ្ចូលនូវការសាងសង់ស្ពានចំនួន ៨កន្លែង ក្នុងនោះស្ពានថ្មី ១កន្លែង មានប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ និងស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត មានប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន ១កន្លែង មានទទឹង ១០,៥ម៉ែត្រ៕អត្ថបទ៖ហ្សាលីន