លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែងនៅចម្ការតាខ្នា ខេត្តកំពង់ធំ របស់លោកឧកញ៉ា លីម ប៊ុណ្ណា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។

បើតាមការបញ្ជាក់ពីក្រសួងទេសចរណ៍ បានឱ្យដឹងថា លោក ហួត ហាក់ បានអញ្ជើញទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែងនៅចម្ការតាខ្នា ខេត្តកំពង់ធំ ដែលការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗនេះ បានផ្សារភ្ជាប់ជាមួយធនធានធម្មជាតិ វប្បធម៌ កសិកម្ម គឺជាទិសដៅដ៏សំខាន់ក្នុងការធ្វើពិពិធកម្មផលិតផលទេសចរណ៍របស់កម្ពុជា ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរដែលចង់ស្វែងរកបទពិសោធន៍ថ្មីៗ និងមានអត្ថន័យ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានស្តាប់បទបង្ហាញពីអ្នកគ្រប់គ្រងចម្ការ និងអ្នកពាក់ព័ន្ធ អំពីការដាំដុះ ការថែទាំ និងផែនការអភិវឌ្ឍចម្ការតាខ្នា ព្រមទាំងបានពិនិត្យមើលសក្តានុពលនៃការផ្សារភ្ជាប់វិស័យកសិកម្មជាមួយវិស័យទេសចរណ៍ តាមរយៈការបង្កើតបទពិសោធន៍ទេសចរណ៍បែបកសិទេសចរណ៍ (Agri-Tourism) ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
សូមជម្រាបជូនថា ចម្ការតាខ្នា (Chamka Ta Kna) របស់លោកឧកញ៉ា លីម ប៊ុណ្ណា មានទំហំជិត ៧៥ហិកតា មានទីតាំងស្ថិតនៅរួមជាមួយ រីសត អិលប៊ីអិនកែងគោលស្ទោង (LBN Kengkul Stoung Resort) នៅតាមបណ្តោយផ្លូវជាតិលេខ៦A ត្រង់ចន្លោះគីឡូម៉ែត្រទី ២២៤ (កែងគោល) ស្រុកស្ទោង ខេត្តកំពង់ធំ៕






