ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) បានបង្ហាញឆន្ទៈរួមគ្នាកសាងបរិយាកាសវិនិយោគសម្រាប់អ្នកធុរកិច្ចប្រកបដោយទំនុកចិត្តខ្ពស់ និងបើកចំហចក្ខុវិស័យថ្មីៗសម្រាប់វិនិយោគិន និងធុរជនពីប្រទេសជប៉ុន។

នេះបើយោងតាមជំនួបពិភាក្សារវាង ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយលោកបណ្ឌិត Shoichi Kobayashi ស្ថាបនិក និងជាប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) ដែលជាស្ថាប័នសិក្សាស្រាវជ្រាវ និងពិគ្រោះយោបល់ឯករាជ្យ មានឯកទេសលើវិស័យអភិវឌ្ឍន៍អន្តរជាតិ កាលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្វាគមន៍វិទ្យាស្ថាន JDI សម្រាប់កិច្ចសហប្រតិបត្តិការ និងការផ្តល់ធាតុចូលបច្ចេកទេសនាពេលកន្លងមក។ លោកបានរំលេចឡើងវិញអំពី សាវតានៃគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រក្នុងការបង្កើត «តំបន់សេដ្ឋកិច្ចពិសេស កម្ពុជា-ជប៉ុន» ដែលជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសជំនួបទ្វេភាគីជាមួយ លោកអតីតនាយករដ្ឋមន្ត្រីជប៉ុន ក្នុងគោលដៅបង្កើនភាពទាក់ទាញ ដើម្បីទទួលស្វាគមន៍ និងគាំទ្រដល់ខ្សែច្រវាក់ផ្គត់ផ្គង់របស់វិនិយោគិន និងធុរជនពីជប៉ុន មកកាន់ប្រទេសកម្ពុជា។

ជាការឆ្លើយតប លោកបណ្ឌិតប្រធាន JDI បានសម្តែងនូវការកោតសរសើរខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ ព្រមទាំងបានបញ្ជាក់ឡើងវិញថា JDI ត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់បណ្តាញអ្នកជំនាញការសកល ដើម្បីគាំទ្រគម្រោងនេះ ឱ្យលេចចេញជារូបរាងការងារជាក់ស្តែង។

សូមជម្រាបដែរថា ក្នុងបរិយាកាសការទូតដ៏ស្និទ្ធស្នាល កម្ពុជា-ជប៉ុន បានបង្ហាញឆន្ទៈរួមក្នុងការបន្តពង្រឹងកិច្ចសហការ ដើម្បីបំប្លែងធាតុចូលយុទ្ធសាស្ត្រទាំងនេះ ទៅជាសកម្មភាពការងារជាក់ស្តែង ក្នុងការកសាងបរិយាកាសធុរកិច្ចប្រកបដោយទំនុកចិត្តខ្ពស់ និងបើកចំហចក្ខុវិស័យថ្មីៗសម្រាប់វិនិយោគិន និងធុរជនពីប្រទេសជប៉ុន។ភាគីទាំងពីរ ក៏បានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល ពាក់ព័ន្ធនឹងចំណុចគន្លឹះសំខាន់ៗជាយុទ្ធសាស្ត្រ លើវិធីសាស្ត្រក្នុងការផ្សព្វផ្សាយ និងការទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជប៉ុន ឱ្យមកពិចារណាពិនិត្យលទ្ធភាព និងសម្លឹងមើលឱកាសក្នុងការបណ្តាក់ទុនលើគម្រោងតំបន់សេដ្ឋកិច្ចពិសេសដ៏មានសក្តានុពលនៅកម្ពុជាផងដែរ៕អត្ថបទ៖ហ្សាលីន

