ប្រទេសបារាំង នឹងហាមឃាត់ការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងឥន្ធនៈហ្វូស៊ីលដែលនាំចូល បន្ទាប់ពីមានការពន្យារពេលអស់ ៥ឆ្នាំ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតជំនួស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Le Monde។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបារាំង បានបញ្ជាក់ថាខ្លួននឹងប្រកាសពីច្បាប់ហាមឃាត់ការផ្សាយពាណិជ្ជកម្មទាំងអស់ដែលទាក់ទងនឹងឥន្ធនៈហ្វូស៊ីលដែលនាំចូលមុនចុងឆ្នាំនេះ។ នេះគឺជាវិធានការមួយក្នុងចំណោមវិធានការចំនួន ២២ ផ្សេងទៀតដែលមានគោលបំណងលើកកម្ពស់ការប្រើប្រាស់ថាមពលអគ្គិសនី និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។
នៅឆ្នាំ២០២១ ប្រទេសបារាំង បានអនុម័តច្បាប់ស្តីពីអាកាសធាតុ និងភាពធន់ ដែលហាមឃាត់ការធ្វើទីផ្សារ ឬយុទ្ធនាការផ្សព្វផ្សាយសម្រាប់ឥន្ធនៈហ្វូស៊ីល។ តែទោះជាយ៉ាងណាក៏ដោយ ច្បាប់នេះមិនត្រូវបានអនុវត្តភ្លាមៗនោះទេ ដោយសារតែខ្វះបទប្បញ្ញត្តិអនុវត្ត។ យោងតាម Le Monde ចលនាថ្មីរបស់រដ្ឋាភិបាលនឹងបិទចន្លោះប្រហោងផ្នែកច្បាប់នេះដែលមានក្នុងរយៈពេលប្រាំឆ្នាំកន្លងមក។
គួរជម្រាបជូនផងដែរថា ប្រទេសបារាំង ប្តេជ្ញាសម្រេចបាននូវការបំភាយឧស្ម័នកាបូនសូន្យនៅឆ្នាំ២០៥០។ ផែនទីបង្ហាញផ្លូវនេះរួមមានការកាត់បន្ថយការបំភាយឧស្ម័នកាបូនចំនួន ៥០% នៅឆ្នាំ២០៣០ ការបញ្ឈប់ការប្រើប្រាស់ធ្យូងថ្មនៅឆ្នាំ២០៣០ ប្រេងឥន្ធនៈនៅឆ្នាំ២០៤៥ និងឧស្ម័នធម្មជាតិរាវនៅឆ្នាំ២០៥០៕

