ក្រុមហ៊ុន វិរៈ ប៊ុនថាំ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ចូលរួមវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន វិរៈ ប៊ុនថាំ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានចូលរួមក្នុង «វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦» ក្រោមមូលបទ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្តល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ» ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណនៃវិមានអាហារអូស៊ីអាយស៊ី (OCIC) ផ្លូវអូស៊ីអាយស៊ី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះត្រូវបានរៀបចំឡើងដោយមានការអញ្ជើញចូលរួមជាអធិបតីភាព ដោយឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត តំណាងអង្គទូតបរទេស ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងសហគមន៍សាសនាឥស្លាម សមាគមនៅក្នុងឧស្សាហកម្មទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន វិស័យឯកជន បណ្តាញសារព័ត៌មាន អ្នកផលិតមាតិកាព័ត៌មាន អាជីវករ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សរុបចំនួន ៥១៣នាក់។

ថ្លែងនាឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា វេទិកានេះ គឺជាការបន្តភាពជោគជ័យពីវេទិកាទេសចរណ៍មូស្លីមលើកទី១ (ឆ្នាំ២០២៤) និងលើកទី២ (ឆ្នាំ២០២៥) ព្រមទាំងជាការបោះជំហានថ្មីមួយទៀតនៅក្នុងការអភិវឌ្ឍទេសចរណ៍មូស្លីមនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា វេទិកាលើកទី៣នេះ មានលក្ខណៈកាន់តែធំជាងមុន និងពិសេសជាងមុន ដោយប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ (១០-១២ ខែកក្កដា) ដែលមានការរៀបចំជាកិច្ចពិភាក្សាតុមូលលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងទេសចរណ៍មូស្លីម, មានស្តង់ពិព័រណ៍ប្រមាណ ១៥០ស្តង់ ជាមួយការរំពឹងទុកថាមានអ្នកចូលរួមយ៉ាងច្រើនកុះករ។ បន្ថែមលើនេះ, ក្រសួងក៏បានរៀបចំទស្សនកិច្ចសិក្សា (Fam Trip) របស់គណៈប្រតិភូធុរជនមូស្លីម មកពីប្រទេសម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងសិង្ហបុរី ដើម្បីមកទស្សនាតំបន់គោលដៅទេសចរណ៍សំខាន់ៗនៅព្រះរាជាណាចក្រកម្ពុជា និងពិនិត្យលទ្ធភាពរៀបចំកញ្ចប់ទស្សនកិច្ចជូនទេសចរមូស្លីមពីក្នុងតំបន់ និង ជុំវិញពិភពលោក មកទស្សនាកម្ពុជា។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានជំនឿយ៉ាងមុតមាំថា វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ នឹងរួមចំណែកជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្តាប្រទេសនានា ព្រមទាំងបញ្ជាក់ឱ្យពិភពលោកបានឃើញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មានភាពកក់ក្តៅ និងទំនុកចិត្ត ដែលអាចទទួលស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទីនៅក្នុងតំបន់ និងនៅលើពិភពលលោក។

សូមជម្រាបជូនថា វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣គឺ៖ (១) ការស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកកាន់កម្ពុជា ដែលជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត, (២) ការបង្ហាញពីសក្តានុពល និងភាពសម្បូរបែបនៃផលិតផលទេសចរណ៍កម្ពុជា ព្រមទាំងការលើកកម្ពស់សេវាកម្មប្រកបដោយគុណភាព និងស្តង់ដា, និង (៣) ការត្រៀមខ្លួនឱ្យបានរួចជាស្រេចក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម ស្របតាមនិន្នាការ និងតម្រូវការទីផ្សារអន្តរជាតិ៕