គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) ក្រោមទំហំទឹកប្រាក់ ៧៣ លានដុល្លារអាមេរិក នឹងជួយស្តារធនធានជលផលប្រមាណ ៤០ ភាគរយ ព្រមទាំងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជនប្រមាណ ២០០,០០០ នាក់ នៅក្នុងសហគមន៍តំបន់ឆ្នេររបស់កម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធការិយាល័យជលផលខេត្តកែប កាលពីថ្ងៃពុធកន្លងទៅនេះ លោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ពិធីនេះមិនមែនគ្រាន់តែជាការបញ្ចប់ការសាងសង់អគាររដ្ឋបាលថ្មីមួយប៉ុណ្ណោះទេ។ លោកស្រីបានមានប្រសាសន៍បន្ថែមថា៖ «ថ្ងៃនេះ យើងអបអរសាទរមិនត្រឹមតែការបញ្ចប់ការសាងសង់អគារថ្មីមួយប៉ុណ្ណោះទេ ប៉ុន្តែយើងអបអរសាទរការប្តេជ្ញាចិត្តរួមគ្នាក្នុងការគ្រប់គ្រងជលផលប្រកបដោយចីរភាព ប្រព័ន្ធអេកូឡូស៊ីសមុទ្រដែលមានសុខភាពល្អ និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍តំបន់ឆ្នេរកម្ពុជា»។
គួរោ្យដឹងថា ពិធីសម្ពោធដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ង់ខ្ពស់របស់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធជាច្រើនរូប ដើម្បីជម្រុញការអភិវឌ្ឍវិស័យជលផលសមុទ្រកម្ពុជាឲ្យកាន់តែមាននិរន្តរភាព។

លោកស្រីនាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានបញ្ជាក់បន្ថែមថា ការិយាល័យជលផលថ្មីនេះ គឺជាការវិនិយោគដ៏សំខាន់លើសមត្ថភាពស្ថាប័ន ដោយផ្តល់ឱ្យមន្ត្រីជលផលនូវមូលដ្ឋានកាន់តែប្រសើរ សម្រាប់ពង្រឹងការសម្របសម្រួល ការត្រួតពិនិត្យ និងការអនុវត្តច្បាប់ ព្រមទាំងផ្តល់សេវាកាន់តែប្រសើរដល់សហគមន៍នេសាទនៅខេត្តកែប និងតំបន់ជុំវិញ។យោងតាមលោកស្រី ការិយាល័យនេះជាផ្នែកមួយនៃគម្រោង SCMF ដែលទទួលបានការគាំទ្ររួមពីរាជរដ្ឋាភិបាលកម្ពុជា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និង ADB។

