រដ្ឋសភា បានសម្រេចបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល១រូប និងអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ចំនួន៤

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៦ រដ្ឋសភា បានរៀបចំបើកកិច្ចប្រជុំរដ្ឋសភា ក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីធ្វើការពិភាក្សា និងអនុម័ត លើរបៀបវារៈចំនួន៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាលទ្ធផលរបៀបវារៈចំនួន៥ ដែលរដ្ឋសភាបានធ្វើការពិភាក្សា និងអនុម័តយល់ព្រម រួមមាន៖

១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១រូប៖ ឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ទទួលបាន  សំឡេងគាំទ្រ៖ ១០៨ សំឡេង សំឡេងអនុបវាទ៖ ២ សំឡេង។

២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃ អនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃ ឧបករណ៍អាកាសយាន ទទួលបានការគាំទ្រជាឯកច្ឆន្ទពីសមាជិក សមាជិការដ្ឋសភា ក្នុងសំឡេង ១១០ លើ ១១០ សំឡេង។

៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក ទទួលបានការគាំទ្រជាឯកច្ឆន្ទពីសមាជិក សមាជិការដ្ឋសភា ក្នុងសំឡេង ១១០ លើ ១១០ សំឡេង។

៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួល ស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារនិងសំណង់ ទទួលបានការគាំទ្រជាឯកច្ឆន្ទពីសមាជិក សមាជិការដ្ឋសភា ក្នុងសំឡេង ១១០ លើ ១១០ សំឡេង។

និង៥-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួល ស្គាល់ទៅវិញទៅមកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត ទទួលបានការគាំទ្រជាឯកច្ឆន្ទពីសមាជិក សមាជិការដ្ឋសភា ក្នុងសំឡេង ១១០ លើ ១១០ សំឡេង៕