លោក ត្រាំ ចង់ទារថ្លៃសេវាការពារពីប្រទេសសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកគួរតែទទួលបានប្រាក់សំណងមកវិញ ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការការពារប្រទេសសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា ក្នុងអំឡុងពេលមានជម្លោះជាមួយអ៊ិរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយនៅក្នុងការិយាល័យ Oval នៅសេតវិមាន កាលពីថ្ងៃទី១៣ កក្កដាថា៖” ខ្ញុំចង់ទទួលបានសំណងត្រលប់មកវិញ ពីព្រោះពួកយើងកំពុងការពារតំបន់ដ៏សម្បូរបែបមួយរបស់ពិភពលោក។ យើងកំពុងចំណាយជាច្រើនសម្រាប់តំបន់នេះ ដូច្នេះយើងគួរតែទទួលបានសំណងសម្រាប់ថ្លៃការពារត្រលប់មកវិញ”។

យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់លោក ត្រាំ បានកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងសហរដ្ឋអាមេរិកអំពីការចំណាយកាន់តែខ្ពស់នៃការរក្សាប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ មុននេះ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានប្រកាសថា លោកនឹងបន្តបិទច្រកសមុទ្រអ៊ីរ៉ង់ ហើយបានណែនាំថា សហរដ្ឋអាមេរិកនឹងផ្តល់ការការពារនៅក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយរបស់ពិភពលោក។

ប៉ុន្តែទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបដិសេធភ្លាមៗនូវសេចក្តីថ្លែងការណ៍របស់លោក ត្រាំ ដោយអះអាងថា ទីក្រុងតេអេរ៉ង់គឺជាអ្នកការពារច្រកសមុទ្រ ហើយសមនឹងទទួលបានសំណងសម្រាប់ការចំណាយរបស់ខ្លួន។

គួរជម្រាបជូនថា ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមបើកការវាយប្រហាររបស់ពួកគេប្រឆាំងនឹងអ៊ីរ៉ង់នៅចុងខែកុម្ភៈមក ប្រទេសនៅឈូងសមុទ្រ រួមទាំងអារ៉ាប់រួម កាតា គុយវ៉ែត បារ៉ែន និងអូម៉ង់ បានប្រឈមមុខនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរាប់រយលើករបស់អ៊ីរ៉ង់ ដែលបណ្តាលឱ្យមានការស្លាប់របស់ជនស៊ីវិល និងការខូចខាតយ៉ាងទូលំទូលាយដល់សណ្ឋាគារ អាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័នសំខាន់ៗ៕​