យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ថាមពល Energy Aspects ប៉ាន់ប្រមាណថា អឺរ៉ុបកំពុងប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈយន្តហោះជិត ៦០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងត្រីមាសទីបីខាងមុខនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

អឺរ៉ុបត្រូវនាំចូលប្រេងឥន្ធនៈយន្តហោះពីសហរដ្ឋអាមេរិក និងអាស៊ី បង្កើនសមត្ថភាពចម្រាញ់ និងប្រើប្រាស់ទុនបម្រុងដើម្បីរក្សាចរាចរណ៍ផ្លូវអាកាសរបស់ខ្លួន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តំបន់នេះនៅតែងាយរងគ្រោះបំផុត ដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ាកើនឡើងម្តងទៀត ដែលបង្កើនហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់។
ដោយផ្អែកលើទិន្នន័យគិតត្រឹមថ្ងៃទី១៨ ខែមិថុនា ក្រុមហ៊ុនប្រឹក្សាយោបល់ថាមពល Energy Aspects ប៉ាន់ប្រមាណថា អឺរ៉ុបនឹងប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈយន្តហោះជិត ៦០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងត្រីមាសទីបី។ ទន្ទឹមនឹងនេះ តំបន់សហរដ្ឋអាមេរិក និងអាស៊ីប៉ាស៊ីហ្វិកនឹងមានលើសពី ១១៦ ០០០ បារ៉ែល និង ៤២៥ ០០០ បារ៉ែលរៀងៗខ្លួន។
គួរឲ្យដឹងថា ស្តុកប្រេងឥន្ធនៈអឺរ៉ុបនៅដើមខែមិថុនាមានចំនួន ៣៨ លានបារ៉ែល ពោលគឺគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ប្រហែល ៣០ថ្ងៃប៉ុណ្ណោះ។ នេះគឺជាកម្រិតទាបបំផុតក្នុងចំណោមទីផ្សារសំខាន់ៗផ្សេងទៀត ខណៈពេលដែលទុនបម្រុងរបស់សហរដ្ឋអាមេរិកមានចំនួន ៩៩ លានបារ៉ែល។
យ៉ាងណាមិញ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារកង្វះប្រេងឥន្ធនៈយន្តហោះនៅអឺរ៉ុប។ រោងចក្រចម្រាញ់ប្រេងរបស់ពួកគេត្រូវបានបិទអស់រយៈពេលជាច្រើនទសវត្សមកហើយ ដែលធ្វើឱ្យពួកគេត្រូវពឹងផ្អែកខ្លាំងលើប្រេងពីមជ្ឈិមបូព៌ា ដោយដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz។
ជម្រាបជូនផងដែរថា យោងតាមក្រុមហ៊ុនទិន្នន័យ Kpler ក្នុងខែមិថុនា អឺរ៉ុបបាននាំចូលប្រេងឥន្ធនៈយន្តហោះសរុបចំនួន ៦៧៣ ០០០ បារ៉ែលក្នុងមួយថ្ងៃ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំ២០២៥ មក។ សហរដ្ឋអាមេរិក និងនីហ្សេរីយ៉ា គឺជាប្រទេសនាំចេញធំជាងគេពីរទៅកាន់តំបន់នេះ បន្ថែមពីលើប្រទេសគុយវ៉ែត កាណាដា ឥណ្ឌា និងកូរ៉េខាងត្បូង៕

