លោក Yang Xiaoyang ប្រធានសមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន បានប្រកាសប្ដេជ្ញាចិត្ដរួមជាមួយនឹងក្រសួងទេសចរណ៍កម្ពុជា ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការផ្សព្វផ្សាយទេសចរណ៍។
ការប្ដេជ្ញាចិត្ដនេះធ្វើឡើងនៅក្នុងឱកាសដែលលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយលោក Yang Xiaoyang នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង។

នាឱកាសជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្រ្តី បានជម្រាបជូនលោកប្រធានសមាគមអំពីសក្តានុពល និងបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍កម្ពុជា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ទាំងស្រុងនូវបញ្ហា Online Scam និងពីគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន ព្រមទាំងបានលើកឡើងអំពីចំណងមិត្តភាពជាប្រវត្តិសាស្រ្ត និងជាប្រពៃណីដ៏រឹងមាំរវាងកម្ពុជា និងចិន ពិសេសការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។
ជាលទ្ធផល ភាគីទាំងសងខាង បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យវប្បធម៌ និងទេសចរណ៍ តាមរយៈការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍សិល្បៈទៅវិញទៅមក កិច្ចសហការក្នុងការការពារបេតិកភណ្ឌវប្បធម៌ ការជំរុញសិល្បៈភាពយន្ត វីដេអូ និងការច្នៃប្រឌិតវប្បធម៌ឌីជីថល ការអប់រំសិល្បៈ និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងការអភិវឌ្ឍរួមបញ្ចូលគ្នារវាងវប្បធម៌ និងទេសចរណ៍។
ទន្ទឹមនឹងនេះ សមាគមនឹងរៀបចំសំណើគម្រោងលម្អិតជូនក្រសួងទេសចរណ៍ និងដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញការផ្លាស់ប្តូរសកម្មភាពវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលនៃផែនការសកម្មភាពខាងលើ ភាគីទាំងពីរ បានធ្វើការចាត់តាំងមន្រ្តីបង្គោលទៅវិញទៅមក ដើម្បីរៀបចំការងារលម្អិត និងពិភាក្សាបន្ថែមលើគម្រោងសហប្រតិបត្តិការនាពេលខាងមុខ។
គួរបញ្ជាក់ថា សមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន គឺជាស្ថាប័នជាតិមួយរបស់ប្រទេសចិន ដែលមានតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍវប្បធម៌ សិល្បៈ ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសជាដៃគូជុំវិញពិភពលោក៕





