ក្រុមហ៊ុនល្បីមួយរបស់ចិន ចង់ពង្រីកការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន China Railway Construction Corporation (CRCC) ដែលជាក្រុមល្បីឈ្មោះមួយរបស់ចិន បានបង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។ បំណងនេះ បានបង្ហាញឡើងនៅក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ជាមួយលោក Dai Hegen ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន (CRCC)កាលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលគាំទ្រអាជីវកម្មរបស់ក្រុមហ៊ុនជាបន្តបន្ទាប់។ លោកបញ្ជាក់ថា បំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា លើវិស័យគន្លឹះ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ថាមពលកកើតឡើងវិញ ក៏ដូចជាសមាហរណកម្មវិនិយោគ ការសាងសង់ និងប្រតិបត្តិការផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី ស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្តភាពពង្រីកការវិនិយោគ ខណៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាវិស័យអាទិភាពចម្បង ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុត។ សម្តេច ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីប្រែក្លាយគម្រោងពង្រីកការវិនិយោគទាំងនោះឱ្យលេចចេញជារូបរាង។

សូមជម្រាបថា ក្រុមហ៊ុន CRCC ជាក្រុមហ៊ុនវិស្វកម្ម និងសាងសង់ឈានមុខគេមួយក្នុងពិភពលោក ដោយផ្ដោតសំខាន់លើកិច្ចការម៉ៅការសាងសង់, ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ, ការផលិតបរិក្ខារបច្ចេកវិទ្យាជាន់ខ្ពស់ និងជាអ្នកអភិវឌ្ឍវិស័យឧស្សាហកម្មថ្មីៗជាយុទ្ធសាស្ត្រ ដែលមានប្រតិបត្តិការអាជីវកម្មគ្របដណ្តប់លើ ១៥០ប្រទេស។ ក្រុមហ៊ុន CRCC ក៏បានបោះទុនវិនិយោគនៅក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ២០០៨ មកម្ល៉េះ ហើយបានសម្រេចនូវគម្រោងសំខាន់ៗជាច្រើន រួមមាន៖ គម្រោងផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តបាត់ដំបង, ភូមិកីឡាកម្ពុជា, អគារទីស្តីការក្រសួងការពារជាតិ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ជាដើម៕ អត្ថបទ៖ហ្សាលីន