កម្ពុជា ប្រាប់ចិនពីជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីជំហររបស់កម្ពុជាប្រាបទៅកាន់ចិនថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។ សម្តេចធិបតី លើកឡើងបែបនេះនៅក្នុងជំនួបជាមួយលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី បានជម្រាបនាយករដ្ឋមន្ត្រីចិនពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ​,​ និងអនុលោមតាមអនុសញ្ញា,​ សន្ធិសញ្ញា​ និងកិច្ចព្រមព្រៀង​ដែលមានស្រាប់រវាងកម្ពុជា និងថៃ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីចិន បានគូសបញ្ជាក់ថា ចិននិងកម្ពុជាមានការផ្លាស់ប្តូរទស្សនកិច្ចញឹកញាប់ និងការផ្លាស់ប្តូរយោបល់គ្នាយ៉ាងសកម្ម នៅគ្រប់កម្រិត និងវិស័យ ដែលឆ្លុះបញ្ចាំងអំពីភាពរឹងមាំនៃទំនាក់ទំនង និងការបន្តបោះជំហានទៅមុខនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកថា ចិននិងកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធ និងជាមិត្តដែកថែប ហើយប្រទេសទាំងពីរនឹងបន្តកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញទំនើបកម្មរៀងៗខ្លួន និងចូលរួមដោះស្រាយភាពមិនច្បាស់លាស់របស់ពិភពលោក។ លោកបន្ថែមថា ចិនចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ជាអាទិភាពនៃការទូតរបស់ចិន។

ជាការឆ្លើយតប, សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-ចិន ដោយប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងកំពុងរួមគ្នាខិតខំកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី »។ សម្តេច បញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវ គោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។

តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានប្តេជ្ញាបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ច និងពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ថាមពលបៃតង, កសិកម្ម, ការពារជាតិ និងសន្តិសុខ, ព្រមទាំងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ជាពិសេស ទេសចរណ៍ និងការអប់រំជាដើម៕អត្ថបទ៖ហ្សាលីន