ក្រុមហ៊ុនយក្សរបស់ចិន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា។ចំណាប់អារម្មណ៍នេះ បានបង្ហាញឡើងកាលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងជំនួបរវាងលោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

នាឱកាសនោះ លោក Fu Laifa បានលើកឡើងថា ដោយមើលឃើញពីសក្កានុពលដ៏រឹងមាំរបស់កម្ពុជា, ក្រុមហ៊ុនមានបំណងបោះទុនវិនិយោគលើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះនៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក៏ដូចជាជំរុញលើកទឹកចិត្តដល់ការផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលផលិតផលទាំងស្រុងពីក្រៅប្រទេស ដែលការណ៍នេះ គឺស្របគ្នាទៅនឹងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការវិនិយោគលើការបង្កើតខ្សែច្រវាក់ផលិតកម្មសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។
សម្តេចថា ប្រសិនបើគម្រោងវិនិយោគនេះទទួលបានជោគជ័យ ក្រុមហ៊ុនមិនត្រឹមតែអាចឆ្លើយតបនឹងតម្រូវការទីផ្សារកម្ពុជានោះទេ ប៉ុន្តែថែមទាំងអាចឈានទៅដល់ការនាំចេញផលិតផលសម្រេចរបស់ខ្លួនទៅកាន់ទីផ្សារបណ្ដាប្រទេសនានាក្នុងតំបន់ ថែមទៀតផង។ សម្ដេច លើកទឹកចិត្តឱ្យតំណាងក្រុមហ៊ុនបន្ត ពិភាក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីគម្រោងវិនិយោគនេះឱ្យលេចចេញរូបរាង។
សូមជម្រាប់ដែរថា ក្រុមហ៊ុន Fujian Jinlu Daily Chemical ជាសហគ្រាសកម្មន្តសាលឈានមុខមួយរបស់ចិន ក្នុងការផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ រួមមាន៖ ថ្នាំសម្លាប់សត្វល្អិត,សាប៊ូបោកខោអាវ, ក្រដាសអនាម័យ និងសម្ភារៈផ្ទះបាយជាច្រើនប្រភេទទៀត៕ អត្ថបទ៖ហ្សាលីន


