(កំពង់ធំ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់ និងជាបេសកជនពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ព្រមទាំង លោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង មានសទ្ធាជ្រះថ្លាដ៏មុតមាំក្នុងព្រះពុទ្ធសាសនា បានរៀបចំពិធីប្រគេនទៀនព្រះវស្សា បច្ច័យ ព្រមទាំងទេយ្យទានជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមបណ្តាវត្តទាំង ២៧ ទូទាំងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ពិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងដើម្បីទំនុកបម្រុង ផ្គត់ផ្គង់ និងសម្រួលដល់ជីវភាពរបស់ព្រះភិក្ខុសង្ឃ និងសាមណេរ ដែលត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាស (៣ខែ) ក្នុងការសិក្សារៀនសូត្រធម៌វិន័យតាមពុទ្ធឱវាទ ដែលពិធីចូលព្រះវស្សានេះនឹងចាប់ផ្តើមគិតចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ខាងមុខនេះ។
ដើម្បីញ៉ាំងកិច្ចកុសលនេះឱ្យកាន់តែមានភាពអធិកអធម និងបង្កលក្ខណៈងាយស្រួលដល់ព្រះសង្ឃ លោកអ្នកឧកញ៉ា និងលោកជំទាវ អ្នកឧកញ៉ា បានយកចិត្តទុកដាក់យ៉ាងខ្ពស់ ដោយបានចាត់តាំងក្រុមការងារផ្ទាល់ ចុះរៀបចំពិធីដង្ហែទៀនព្រះវស្សា និងទេយ្យទានទាំងនេះ យកទៅប្រគេនដល់គ្រប់វត្តអារាមតាមបណ្តាឃុំនីមួយៗប្រកបដោយសេចក្តីជ្រះថ្លាបំផុត។
សម្រាប់ទេយ្យវត្ថុ និងបច្ច័យដែលវត្តនីមួយៗ ក្នុងចំណោមវត្តទាំង២៧ ទទួលបានរួមមាន៖
-បច្ច័យកសាង និងទ្រទ្រង់ចង្ហាន់ ចំនួន ១.០០០.០០០ រៀល
-បច្ច័យបួន ចំនួន ៥០០.០០០ រៀល
-ទៀនព្រះវស្សា ចំនួន ១ គូ
-សាដក ចំនួន ១ កញ្ចប់
-អង្ករផ្កាម្លិះ ចំនួន ១០០ គីឡូក្រាម
-មីជាតិ ចំនួន ៣ កេស
-ទឹកដោះគោខាប់ ចំនួន ១ កេសធំ
-ទឹកផ្លែឈើ ២ កេស
-ទឹកសុទ្ធ ២ កេស
-សាច់ជ្រូកផាត់ ចំនួន ៥ គីឡូក្រាម
-ប្រេងឆា ចំនួន ២ ដបធំ
-គ្រឿងទេស ទឹកស៊ីអ៊ីវ ២ យួរ និងទឹកត្រី ២ យួរ
-ប្រេងម៉ាស៊ូត ចំនួន ៣០ លីត្រ (សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងវត្តអារាម)
សូមបញ្ជាក់ផងដែរថា សម្រាប់ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានជូនដល់វត្តទាំង ២៧ ក្នុងស្រុកប្រាសាទបល្ល័ង្កនាឱកាសនេះ លោកអ្នកឧកញ៉ា និងលោកជំទាវ បានចំណាយថវិកាផ្ទាល់ខ្លួនសរុបប្រមាណ ១២០លានរៀល។




