ឧកញ៉ា ណូ សុភា (សុភា បុត្រឈរ ) អគ្គនាយិកាក្រុមហ៊ុន AG Bottcher និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា បានបរិច្ចាគថវិកាចំនួន ១២០,០០០ ដុល្លារអាមេរិក សម្រាប់ជួយសាងសង់សាលារៀនមួយនៅខេត្តក្រចេះ។

តាមរយៈវីដេអូឃ្លីបលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ខែកក្កដានេះ លោកស្រីឧកញ៉ា បានឱ្យដឹងទៀតថា បច្ចុប្បន្នសាលារៀនមួយនេះកំពុងដំណើរការសាងសង់ និងចាប់ផ្តើមលេចចេញជារូបរាងបណ្ដើរៗហើយ។
លោកស្រីឧកញ៉ា សូមអរគុណយ៉ាងជ្រាលជ្រៅដល់ក្មួយៗ និងក្រុមការងារទាំងអស់ ដែលបានចូលរួមជួយជ្រោមជ្រែង និងខិតខំប្រឹងប្រែងក្នុងការសាងសង់គម្រោងដ៏មានតម្លៃនេះ។ លោកស្រីឧកញ៉ាជឿជាក់ថា សាលារៀននេះនឹងក្លាយជាកន្លែងផ្តល់ចំណេះដឹង បង្កើតក្តីសង្ឃឹម និងអនាគតដ៏ល្អប្រសើរសម្រាប់កូនៗជំនាន់ក្រោយ។
សូមជម្រាបថា ឧកញ៉ា ណូ សុភា ជាសប្បុរសជនខ្មែររស់នៅក្រៅប្រទេស ដែលតែងតែឈឺឆ្អាលនឹងសុខទុក្ខប្រជាជនខ្មែរ ហើយបានចូលរួមយ៉ាងសកម្ម ក្នុងការជួយដល់ជនក្រីក្រ។ លោកស្រី មានស្វាមីជាមហាសេដ្ឋីអាល្លឺម៉ង់ ហើយលោកស្រី និងស្វាមី បានបរិច្ចាគប្រាក់រាប់លានដុល្លារ ដល់ប្រទេសកម្ពុជា អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។ លោកស្រី ទទួលបានគោរមងារ «ឧកញ៉ា» កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៕


