ឯកឧត្តម ប៉ែន បូណា លើកទឹកចិត្តឱ្យយុវជនត្រូវយកការសិក្សាជាលក្ខខណ្ឌដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន

សង្គម​ និង​សេដ្ឋកិច្ច

«យុវជនត្រូវមានក្តីស្រមៃខ្ពស់ថា ពេលរៀនចប់នឹងមានការងារល្អ និងទទួលបានប្រាក់ខែច្រើន ហើយនឹងមានអ្វីៗដែលខ្លួនចង់បាន»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងបាឋកថាស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នារសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បាឋកថានេះ មានការនិមន្តចូលរួមជាព្រះគណៈអធិបតីដ៏ខ្ពង់ខ្ពស់ និងព្រះថេរដីកាស្វាគមន៍ពីសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រួមទាំងគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសមណនិស្សិត-និស្សិតសរុបជាង ៣៥០ អង្គ/នាក់។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ការតាំងចិត្តយ៉ាងមុតមាំក្នុងការសិក្សានៅពេលនេះ នឹងសម្រេចបាននូវក្តីស្រមៃដែលយើងចង់បាននាពេលអនាគត។ តែសូមកុំយកក្តីស្រមៃរបស់ខ្លួនដែលចង់បានវត្ថុអ្វីមួយទៅដាក់បន្ទុកលើឳពុកម្តាយឱ្យសោះ។ ឯកឧត្តម ប៉ែន បូណា បន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដែលមានមុំ៥ ហើយមុំទី១ គឺការអភិវឌ្ឍមូលធនមនុស្ស។ ដើម្បីក្លាយជាមូលធនមនុស្ស យុវជនត្រូវមានចំណេះជំនាញឱ្យច្បាស់លាស់ពិតប្រាកដយ៉ាងតិចមួយ ត្រូវមានទំនាក់ទំនងល្អក្នុងសង្គមការងារនិងការរស់នៅ មានសីលធម៌ល្អ មានសុខភាពល្អ និងមានស្មារតី មនសិការស្នេហាជាតិ។ ឯកឧត្តមបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឱកាសជាច្រើនរួចហើយ ដើម្បីឱ្យយុវជនអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្ស។ ប៉ុន្តែ អ្វីដែលនៅសល់ គឺកិច្ចខិតខំប្រឹងប្រែងដោយខ្លួនឯង។

បាឋកថានេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤រួមមាន ទី១. ដើម្បីឱ្យយុវជនយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ទី២. លើកទឹកចិត្តដល់សមណនិស្សិត-និស្សិត ឱ្យអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ទី៣. យល់ដឹងពីសារៈសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងទី៤. លើកកម្ពស់ឱ្យយុវជនចូលរួមអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕