ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានច្រានចោលការអះអាងរបស់ភាគីថៃថា ការសម្រេចរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាជាកាតព្វកិច្ចក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បានបិទទ្វារចំពោះការចរចាទ្វេភាគីលើបញ្ហាព្រំដែន ដោយហៅការលើកឡើងនេះថា «មិនត្រឹមត្រូវ» និង «មិនយុត្តិធម៌»។

ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ Bloomberg ដែលបានចាក់ផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា លោក ហ៊ុន ម៉ាណែត បានអះអាងថា៖«ខ្ញុំបានឮថា ថ្នាក់ដឹកនាំថៃ ជាពិសេសរដ្ឋមន្ត្រីការបរទេស បាននិយាយថា ដោយសារកម្ពុជាបានទៅប្រើយន្តការរបស់អង្គការសហប្រជាជាតិ នោះទ្វារសម្រាប់ការចរចាព្រំដែនគោកត្រូវបានបិទ។ ខ្ញុំចង់និយាយថា ការលើកឡើងនេះមិនសូវត្រឹមត្រូវ ហើយក៏មិនសូវយុត្តិធម៌ដែរ ដោយសារហេតុផលពីរ»។
ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ដូច្នេះថា៖«ហេតុផលទីមួយ៖ មូលហេតុដែលយើងទៅប្រើយន្តការផ្សះផ្សាជាកាតព្វកិច្ចរបស់អង្គការសហប្រជាជាតិ គឺដោយសារប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈយោគយល់ (MOU) ឆ្នាំ២០០១ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់រវាងកម្ពុជា និងថៃស្តីពីដែនសមុទ្រ។

ជាមួយគ្នានេះ សម្តេចថា អស់រយៈពេលប្រហែល១៥ឆ្នាំ រដ្ឋាភិបាលថៃជាច្រើនជំនាន់ និងកម្ពុជាបានខិតខំធ្វើការលើមូលដ្ឋាននៃ MOU នេះ ដើម្បីស្វែងរកដំណោះស្រាយ រួមទាំងការអភិវឌ្ឍរួម។ ក្នុងអំឡុងពេលខ្ញុំកាន់តំណែង យើងក៏បានធ្វើការជាមួយអតីតនាយករដ្ឋមន្ត្រីថៃពីររូបផងដែរ។ ប៉ុន្តែទោះបីយើងបានស្នើសុំឱ្យថៃកុំលុបចោល MOU នេះក៏ដោយ ថៃនៅតែសម្រេចលុបចោល។ ដូច្នេះ យើងគ្មានជម្រើសផ្សេងក្រៅពីទៅប្រើយន្តការផ្សះផ្សានោះទេ។
ចំពោះហេតុផលទីពីរវិញ សម្តេចធិបតីថា មិនមានលក្ខខណ្ឌ ឬកិច្ចព្រមព្រៀងណាមួយដែលហាមឃាត់សកម្មភាពនេះឡើយ។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលថា នៅក្នុងឱកាសហាក់ដូចជាកម្ពុជា និងថៃមានទស្សនៈខុសគ្នាចំពោះអ្វីដែលគួរត្រូវបានពិភាក្សានៅក្នុងដំណើរការរបស់អង្គការសហប្រជាជាតិ។ ថៃចង់ផ្តោតលើការកំណត់ព្រំដែនសមុទ្រ ខណៈកម្ពុជាចង់ផ្តោតលើការអភិវឌ្ឍរួមនៅតំបន់ដែលមានការអះអាងត្រួតស៊ីគ្នា។ ក្នុងនាមជាកាយវិការនៃឆន្ទៈល្អ តើកម្ពុជាអាចពិចារណាកំណត់វិសាលភាពនៃការពិភាក្សាឱ្យផ្តោតតែលើការកំណត់ព្រំដែនសមុទ្រដែរឬទេ?
ជាការឆ្លើយវិញ សម្តេចធិបតីថា៖« ខ្ញុំគិតថា វានៅឆាប់ពេកក្នុងការនិយាយអំពីរឿងនេះ។ យើងត្រូវព្រមព្រៀងគ្នាលើដំណើរការតែងតាំងអាជ្ញាកណ្តាលជាមុនសិន។ ឥឡូវនេះ ភាគីទាំងពីរបានតែងតាំងអាជ្ញាកណ្តាលពីររូបរួចហើយ ហើយយើងកំពុងធ្វើការលើការជ្រើសរើសប្រធានអាជ្ញាកណ្តាល ដែលជាសមាជិកទី៥ផងដែរ»៕ អត្ថបទ៖ហ្សាលីន

