ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប សម្រេចតែងតាំង ឧកញ៉ា គិត ស៊ូឡា ជាអគ្គនាយករងថ្មី ដើម្បីជំរុញការរីកចម្រើន និងភាពជោគជ័យ​រយៈពេលវែង

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេមួយនៅកម្ពុជា បង្កើតឡើងតាំង​ឆ្នាំ១៩៩១ បានប្រកាសតែងតាំង ឧកញ៉ា គិត ស៊ូឡា ជាអគ្គនាយករង ជាផ្លូវការ ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ តទៅ។ ការតែងតាំងដ៏សំខាន់នេះ ត្រូវបានប្រកាសដោយផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលបានបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំចំពោះ​សមត្ថភាពភាព​ជាអ្នកដឹកនាំ ការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់ ឧកញ៉ា គិត ស៊ូឡា ក្នុងការរួមចំណែកជំរុញការរីកចម្រើន និងភាពជោគជ័យ​រយៈពេល​វែងរបស់ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលិខិតក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ឱ្យដឹងថា ក្នុងតួនាទីថ្មីនេះ ឧកញ៉ា គិត ស៊ូឡា នឹងរាយការណ៍ដោយផ្ទាល់ទៅកាន់ អ្នកឧកញ៉ា គិត ម៉េង និងធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ក្នុងការត្រួតពិនិត្យ និងដឹកនាំអាជីវកម្មទាំងមូលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ ភារកិច្ចសំខាន់ៗរបស់លោកឧកញ៉ា រួមមានការគាំទ្រដល់ការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រុមហ៊ុន តាមដានលទ្ធផលអាជីវកម្ម​របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ ដឹកនាំគម្រោង និងគំនិតផ្តួចផ្តើមសំខាន់ៗ ជំរុញកិច្ចសហការរវាង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ និងតំណាងឱ្យអ្នកឧកញ៉ា គិត ម៉េង ក្នុងកិច្ចការយុទ្ធសាស្ត្រ ព្រមទាំងភារកិច្ចពិសេសនានា តាមការ​ប្រគល់សិទ្ធិ។

តួនាទីរបស់ ឧកញ៉ា គិត ស៊ូឡា នឹងមានសារៈសំខាន់ក្នុងការចូលរួមពង្រឹងអភិបាលកិច្ចល្អ ជំរុញការផ្លាស់ប្តូរ​អាជីវកម្ម និងជំរុញការរីកចម្រើនប្រកបដោយចីរភាពរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមានអាយុកាល​ជាង​៣៥ឆ្នាំ។ អ្នកឧកញ៉ា គិត ម៉េង មានទំនុកចិត្តយ៉ាងមុតមាំថា ឧកញ៉ា គិត ស៊ូឡា នឹងបំពេញតួនាទី និងការទទួល​ខុសត្រូវដ៏សំខាន់នេះ ដោយប្រកាន់ខ្ជាប់នូវស្ដង់ដារខ្ពស់បំផុតនៃភាពជាអ្នកដឹកនាំ សុចរិតភាព និងវិជ្ជាជីវៈ ដើម្បីរួម​គ្នាកសាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឱ្យក្លាយជាក្រុមហ៊ុនឈានមុខ និងទទួលជោគជ័យបំផុតមួយនៅក្នុងតំបន់។

ក្រៅពីសមត្ថភាពដឹកនាំក្រុមហ៊ុនលោកឧកញ៉ា គិត ស៊ូឡា ក៏ជាឧកញ៉ាសប្បុរសធម៌មួយរូប​នៅកម្ពុជាក្នុងការ​បរិច្ចាគថវិកា និងសម្ភារៈជាច្រើនដល់កាកបាទក្រហម ក៏ដូចជាចូលរួមបរិច្ចាកដល់រាជរដ្ឋាភិបាលផងដែរ។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏បានអំពាវនាវដល់បុគ្គលិកទាំងអស់ផ្ដល់នូវការគាំទ្រយ៉ាងពេញទំហឹងដល់លោកឧកញ៉ា គិត ស៊ូឡា ដើម្បីឱ្យលោកអាចបំពេញតួនាទីដ៏សំខាន់នេះប្រកបដោយជោគជ័យ៕