ប្រទេសម៉ាឡេស៊ី នឹងធ្វើជាម្ចាស់ផ្ទះការប្រណាំងរថយន្ត Bahrain Grand Prix នៅលើទីលាន Sepang International Circuit ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ប្រេងម៉ាស៊ីន Petronas ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

ការប្រណាំងនេះនឹងស្ថិតនៅចន្លោះការប្រណាំង Azerbaijan Grand Prix និង Singapore Grand Prix។ ទោះជាយ៉ាងណា ព្រឹត្តិការណ៍នេះនៅរង់ចាំការព្រមព្រៀងចុងក្រោយ និងការអនុម័តជាផ្លូវការ ហើយនឹងត្រូវដាក់ឈ្មោះជាផ្លូវការថា Formula 1 Gulf Air Bahrain Grand Prix in Malaysia។ កន្លងមក ប្រតិភូកម្ពុជាតាមរយៈ Petronas Lubricants Cambodia ក៏ធ្លាប់ទៅកាន់ទីលានដ៏អស្ចារ្យនេះផងដែរ កាលពីកម្មវិធីប្រណាំងម៉ូតូ GP។
លោក គឹន ឧត្តមមុនី ស៊ីណាត ជានាយកប្រតិបត្តិនៃក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS នៅកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលថ្ងៃទី២៦ ខែកក្កដា បែបនេះថា៖ “អបអរសាទរចំពោះការវិលត្រឡប់មកកាន់ PETRONAS Sepang Ciruit វិញនៃការប្រណាំងរថយន្ត Formula One F1 ដែលខកខានការប្រណាំងជាច្រើនឆ្នាំ លើទីលានមួយនេះ។ ទីលានមួយនេះក៏ជាទីលានរបស់ PETRONAS Group ផងដែរ”។
សូមជម្រាបថា ក្រុមហ៊ុន PICG គឺជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS នៅកម្ពុជា តាំងពីឆ្នាំ២០១៨ រហូតមកទល់ពេលបច្ចុប្បន្ននេះ។ ប្រេង PETRONAS គឺជាម៉ាកយីហោដ៏ល្បីល្បាញប្រចាំប្រទេសម៉ាឡេស៊ី និងនៅលើសកលលោក ហើយម៉ាកយីហោប្រេង PETRONAS ក៏មានប្រវត្តិបំបែកកំណត់ត្រា ជាម៉ាកយីហោ ជាប់ Top Strongest Brand រយៈពេល ៥ឆ្នាំ ជាប់ៗគ្នា៕







