នៅក្នុងរយៈពេល១ឆ្នាំ២០២៥ កម្ពុជា បានទទួលចំណូល ៤៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ។ នេះបើយោងរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលផ្សាយចេញកាលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។

គ្រឹះស្ថានអង្គរ បានបញ្ជាក់តាមរយៈរបាយការណ៍ខាងលើថា ក្នុងរយៈពេល១ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរប្រមូលចំណូលបានប្រមាណជាង ៤៤លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវបរទេសចំនួនជាង៩៥ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរ ធ្លាក់ចុះ៦.៥១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។
ចំណែកការលក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានកោះកែរ ក្នុងរយៈពេលមួយឆ្នាំដូចគ្នា មានចំនួនជាង២០ម៉ឺននាក់ ទទួលបានថវិកា ជាង៣០ម៉ឺនដុល្លារ ។ ភ្ញៀវបរទេសចូលទស្សនាប្រសាទ បេងមាលា មានចំនួន ១ម៉ឺន៦ពាន់ ទទួលបានថវិកា ប្រមាណជាង១៦ម៉ឺនដុល្លារ។ យ៉ាងណាមិញ ថវិកាដែលលក់សំបុត្របាននេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួនជាង១.៩លានដុល្លារផងដែរ ក្នុងរយៈពេល១ឆ្នាំ ២០២៥នេះដែរ។
សូមជម្រាបថា នៅក្នុងរបាយការណ៍ដដែល បានបញ្ជាក់ដែរថា ក្នុងចំណោមភ្ញៀវទេសចរ ដែលបានចូលទស្សនារម្មនីយដ្ឋានអង្គរ ក្នុងនោះ ភ្ញៀវទេសចរអាមេរិក បានឈរនៅលេខរៀងទី១ ដែលមកទស្សនាច្រើនជាងគេ។ បន្ទាប់មក អង់គ្លេស បារាំង ចិន ជប៉ុន និងអាល្លឺម៉ង់៕ អត្ថបទ៖ហ្សាលីន


