Nvidia ចាយលុយ ១ពាន់លានដុល្លារ ទិញយកភាគហ៊ុនក្នុងក្រុមហ៊ុនខ្នាតយក្សកូរ៉េខាងត្បូង Naver

អន្តរជាតិ

ក្រុមហ៊ុនអ៊ីនធើណិត និងសេវាកម្ម Cloud ខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូង Naver ថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនបន្ទះឈីប Nvidia នឹងទិញយកភាគហ៊ុនថ្មីរបស់ខ្លួនចំនួន ១ពាន់លានដុល្លារបន្ថែមទៀត ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងពង្រីកមជ្ឈមណ្ឌលទិន្នន័យ AI ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការផ្លាស់ប្តូរនេះ ហាក់បានគូសបញ្ជាក់ពីភាពជាដៃគុកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងក្រុមហ៊ុនទាំងពីរ បន្ទាប់ពីបានប្រកាសអំពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ AI សកល ដើម្បីទាញយកតម្រូវការសម្រាប់ AI ឯករាជ្យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងមជ្ឈិមបូព៌ា។

គួរឲ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ Nvidia នឹងទិញភាគហ៊ុនថ្មីចំនួនប្រមាណ ៧,២៤ លានភាគហ៊ុន ក្នុងតម្លៃ ២០៤,៥វ៉ុនក្នុងមួយភាគហ៊ុន។ ការវិនិយោគនេះបានធ្វើឲ្យ Nvidia ក្លាយជាអ្នកកាន់កាប់ភាគហ៊ុនធំជាងគេទីបីរបស់ Naver បន្ទាប់ពីមូលនិធិសោធននិវត្តន៍ជាតិកូរ៉េខាងត្បូង (NPS) និងក្រុមហ៊ុន BlackRock។

ជាមួយគ្នានេះ ក្រុមហ៊ុន Naver ក៏បានប្រកាសពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Brookfield ផងដែរ ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានរហូតដល់ ៩ពាន់លានដុល្លារ ក្នុងនាមជាដៃគូមូលធនរបស់គម្រោងនេះ ដែលវានឹងធ្វើឲ្យគម្រោងពង្រីកមជ្ឈមណ្ឌលទិន្នន័យ AI របស់ Naver នៅក្នុងប្រទេសកូរ៉េខាងត្បូង កើនឡើងរហូតដល់ ១០ពាន់លានដុល្លារ។

គួរជម្រាបជូនថា ការពង្រីកនេះនឹងត្រូវបានសាងសង់នៅមជ្ឈមណ្ឌលទិន្នន័យ GAK របស់ Naver ក្នុងទីក្រុង Sejong ក្នុងប្រទេសកូរ៉េខាងត្បូង ដោយប្រើប្រាស់បន្ទះឈីបជំនាន់ក្រោយរបស់របស់ Nvidia ដែលមានដូចជា Vera Rubin និង Blackwell ហើយវានឹងមានសមត្ថភាព ២០០ មេហ្គាវ៉ាត់នៅឆ្នាំ២០២៨៕​