អភិបាលខេត្តកំពង់ស្ពឺ ជម្រុញការជួសជុលពង្រីកបន្ថែមតួផ្លូវជាតិលេខ៤៦ ទៅឧទ្យានជាតិគីរីរម្យ ដើម្បីសម្រួលដល់ភ្ញៀវទេសចរទៅលេងកម្សាន្ត

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅលើកំណាត់ផ្លូវប្រមាណជិត២០០០ម៉ែត្រនៃផ្លូវជាតិលេខ៤៦ ឡើងទៅកាន់ទីរមណីយដ្ឋានព្រះសុរាម្រិតកុសមៈ(ឧទ្យានជាតិគីរីរម្យ) ដែលមានភាពតូចចង្អៀតនិងកំពុងរងការខូចខាត ពិបាកក្នុងការធ្វើដំណើរ មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានសម្រេចធ្វើការជួសជុលកែលម្អឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដកស្រង់សម្តីលោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ តាមរយៈរដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រមណីយដ្ឋានព្រះសុរាម្រិតកុសមៈ(ឧទ្យានជាតិគីរីរម្យ) គឺជារមណីយដ្ឋានធម្មជាតិមួយដែលបាននិងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវជាតិ អន្តរជាតិទៅលេងច្រើនក្នុងមួយថ្ងៃៗ ដែលធ្វើឱ្យផ្លូវមួយនេះមានភាពមមាញឹក។ ដោយមើលឃើញពីស្ថានភាពតូចចង្អៀតនិងការប៉ោង ស្រុត ប្រេះ នៃផ្លូវធ្វើឱ្យភ្ញៀវទេសចរមានកកស្ទះនិងពិបាកក្នុងការធ្វើដំណើរ មន្ទីរបានដាក់គ្រឿងចក្រជាច្រើនដើម្បីជួសជុល កែលំអរ ឡើងវិញ។ ទន្ទឹមនិងការជួសជុលកែលំអរឡើងវិញនេះដែរ មន្ទីរជំនាញក៏បានធ្វើការពង្រីកតួផ្លូវឱ្យបានធំទូលាយជាងមុនផងដែរ ប្រយោជន៍ជួយកាត់បន្ថយនូវការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ដោយការវ៉ាជែងមិនគោរពនូវសិទ្ធិអទិភាពនិងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម។

សូមបញ្ជាក់ថា កំណាត់ផ្លូវមួយខ្សែនេះគឺតភ្ជាប់ពីចំនុចផ្លូវកៅស៊ូACចន្លោះគីឡូម៉ែត្រ៧+០០ ដល់ គីឡូម៉ែត្រ៨+៩០០ ប្រវែងសរុប ១៩០០ម៉ែត្រ ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិលនិងឃុំត្រែងត្រយឹងក្នុងស្រុកភ្នំស្រួច ក្រុមការងារបច្ចេកទេសបានជួសជុលកន្លែងខូចខាត ស្រុតប៉ោង រួចក្រាលកៅស៊ូបន្ថែមពីលើ(Reseal DBST) ដោយ កន្លែងខ្លះត្រូវក្រាលកៅស៊ូ២ជាន់ទៅ៣ជាន់ ដើម្បីអោយផ្ទៃផ្លូវបានល្អ បាត់រលក និងចាក់ពង្រឹងគ្រឹះក្រោមឱ្យបានរឹងមាំ ពង្រីកតួផ្លូវធានាដល់ការប្រើប្រាស់យូរអង្វែងនិងធំទូលាយ។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ