លើកកម្ពស់សក្តានុពលទេសចរណ៍ធម្មជាតិ! ក្រសួងទេសចរណ៍នឹងរៀបចំ«ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦» នៅខេត្តស្ទឹងត្រែង

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដើម្បីបន្តជំរុញ និងលើកកម្ពស់សក្តានុពល ទេសចរណ៍ធម្មជាតិ ក៏ដូចជា ការទាក់ទាញលំហូរភ្ញៀវទេសចរឱ្យទៅកម្សាន្ដនៅតំបន់ភូមិភាគឦសានក្នុងរដូវកាលបៃតង ចាប់ពីខែឧសភា ដល់ ខែតុលា ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦» ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណទីលានតេជោ-ធិបតី ទល់មុខសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សរ សុពុត អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖ (១) លើកកម្ពស់ និងផ្សព្វផ្សាយសក្តានុពល ទេសចរណ៍ភូមិភាគឦសាន (២) ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងសហគមន៍ទេសចរណ៍ ដោយបង្កើនឱកាសការងារ និងប្រភពចំណូលផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់ និង(៣) ចូលរួមគាំទ្រ និងផ្សព្វផ្សាយ «យុទ្ធនាការទស្សនា កម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦» ដើម្បីសម្រេចឱ្យបាននូវទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងក្រសួង ទេសចរណ៍ ក្នុងការទាក់ទាញលំហូរភ្ញៀវ និងរបាយទេសចរជាតិ-ទេសចរអន្តរជាតិពេញមួយឆ្នាំ និងគ្រប់រដូវកាល។

ក្រសួងទេសចរណ៍បានបន្ថែមថា ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពអធិកអធម ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធីអមសំខាន់ដូចជា ស្តង់ពិព័រណ៍ម្ហូបអាហារ ផលិតផល មុខម្ហូបប្រចាំតំបន់ភូមិភាគឦសានដ៏មានឱជារស ផ្លែឈើធម្មជាតិ ប្រចាំរដូវកាល និងផលិតផលកែច្នៃរបស់សហគមន៍មូលដ្ឋាន, វេទិកាជជែកស្ដីពី «សក្តានុពលអេកូទេសចរណ៍នៅភូមិភាគឦសានក្នុងរដូវកាលបៃតងឆ្នាំ២០២៦», កម្មវិធីកីឡាទេសចរណ៍រត់កម្សាន្តមហាជន ក្រោមប្រធានបទ «រត់ដើម្បីសត្វផ្សោតទន្លេមេគង្គ៖ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង» និងកម្មវិធីសម្ដែងទស្សនីយភាពសិល្បៈ និងការប្រគុំតន្ត្រី៕