មហាសេដ្ឋីមានដាច់គេរបស់ទ្វីបអាហ្រ្វិក គ្រោងបរិច្ចាគ ៣៣% នៃទ្រព្យសម្បត្តិសរុបរបស់ខ្លួន ទៅអង្គការសប្បុរសធម៌

អន្តរជាតិ

កំពូលអ្នកមានដាច់គេរបស់ទ្វីបអាហ្រ្វិក លោក Aliko Dangote មាន​គម្រោង​បរិច្ចាគ​ទ្រព្យសម្បត្តិ​មួយ​ភាគ​បី​របស់​លោក​ទៅ​ឲ្យ​អង្គការ​សប្បុរសធម៌ ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​បែងចែកទ្រព្យរបស់លោកនាពេលអនាគត។ នេះ​បើ​តាម​ការ​បង្ហើប​របស់​កូនស្រី​របស់​លោក គឺ​លោកស្រី Halima Dangote។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Halima ដែល​ជា​អ្នក​ទទួល​បន្ទុក​លើមូលនិធិសប្បុរសធម៌របស់លោក Aliko Dangote បាន​បង្ហាញ​ពី​ការ​បែងចែកនេះ នៅ​ក្នុង​បទសម្ភាសមួយ​ជាមួយ​ Bloomberg ដោយ​និយាយ​ថា មហាសេដ្ឋីលំដាប់កំពូល​រូប​នេះ​ បាន​ទទួល​ការ​គាំទ្រ​ពី​គ្រួសារ​​ក្នុង​ការ​បរិច្ចាគ​ទ្រព្យសម្បត្តិ​ចំនួន ៣៣% នៃទ្រព្យសរុប​របស់​លោក​ទៅ​ឲ្យ​អង្គការ​សប្បុរសធម៌។

យោង​តាម​សន្ទស្សន៍​មហាសេដ្ឋី Bloomberg បានបង្ហាញថា ទ្រព្យសម្បត្តិ​សរុបរបស់​លោក Dangote ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន៣៥,១ពាន់​លាន​ដុល្លារ ដែល​នេះមានន័យ​ថា​មួយ​ភាគ​បី​នៃ​ទ្រព្យសម្បត្តិ​បច្ចុប្បន្ន​របស់​លោក​ដែលនឹងត្រូវបរិច្ចាគទៅអង្គការសប្បុរសធម៌ នឹង​មាន​ចំនួន​ប្រហែល ១១,៧ពាន់​លាន​ដុល្លារ។

យ៉ាងណាមិញ ដោយ​ពន្យល់​ពី​ការ​សម្រេច​ចិត្ត​នេះ លោកស្រី Halima បាន​និយាយ​ថា ឪពុក​របស់​លោកស្រី ​ចាត់​ទុក​ថា​អង្គការ​សប្បុរសធម៌​ជា​ចំណុច​ស្នូល​នៃ​ការបែងចែកមរតក​របស់​លោក ហើយ​បាន​បញ្ចូល​វា​ទៅ​ក្នុង​ផែនការ​ស្នង​មរតក​រយៈពេល​វែង​របស់​គ្រួសារផងដែរ។

គួរជម្រាបជូនងផងដែរថា លោក Aliko Dangote គឺជាស្ថាបនិក ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Dangote Industries Limited ដែលជាក្រុមហ៊ុនធំជាងគេនៅអាហ្វ្រិកខាងលិច និងមានប្រតិបត្តិការគ្របដណ្តប់លើប្រទេសអាហ្វ្រិកចំនួន ១៧។ ក្រុមហ៊ុននេះកាន់កាប់អាជីវកម្មសំខាន់ៗ និងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្របដណ្តប់លើឧស្សាហកម្មសំខាន់ៗជាច្រើន៕​