ក្រសួងពាណិជ្ជកម្ម បង្រួមពេលវេលាចុះបញ្ជីផលិតផលហាឡាលពី ៩០ថ្ងៃ មក ៦០ថ្ងៃ នៃថ្ងៃធ្វើការ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ការបង្រួមពេលវេលាចុះបញ្ជីផលិតផលហាឡាល ត្រូវបានបង្រួមវេលាចុះបញ្ជីពី ៩០ថ្ងៃ មក ៦០ថ្ងៃ នៃថ្ងៃធ្វើការ ដោយការកាត់បន្ថយឯកសារតម្រូវ រយៈពេលចុះត្រួតពិនិត្យ និងការចេញវិញ្ញាបនបត្រជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសនេះបានធ្វើឡើងក្នុងពិធីបើក “យុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា” កាលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.»។

ថ្លែងក្នុងពិធីនោះ លោកស្រីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា យុទ្ធនាការនេះ គឺជាយុទ្ធនាការដំបូងនៃគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងកិច្ចខិតខំផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា។

កម្មពិធីនេះ ក៏មានគោលបំណងសំខាន់ៗ ចំនួន ៣ រួមមាន៖១. ផ្សព្វផ្សាយប្រកាសរបស់ក្រសួងពាណិជ្ជកម្មលេខ០៧០ ព.ណ ន.ហទ្ប. ប្រក.ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា ដែលបានកែសម្រួលលើប្រកាសចាស់ និងធ្វើឱ្យប្រសើរទ្បើងនូវនីតិវិធីគន្លឹះមួយចំនួន មានជាអាទិ៍៖ ការចែងច្បាស់លាស់អំពីការចុះបញ្ជីផលិតផលហាទ្បាលដោយរូបវន្តបុគ្គលដែលពុំមានចែងច្បាស់ក្នុងប្រកាសចាស់, ការធ្វើសាមញ្ញកម្មនីតិវិធីដាក់ពាក្យស្នើសុំ, ការបង្រួមពេលវេលាចុះបញ្ជី ៩០ថ្ងៃ មក ៦០ថ្ងៃ នៃថ្ងៃធ្វើការ ដោយការកាត់បន្ថយឯកសារតម្រូវ រយៈពេលចុះត្រួតពិនិត្យ និងការចេញវិញ្ញាបនបត្រ, ការបង្កើនសុពលភាពវិញ្ញាបនបត្រពីរយៈពេល ១ឆ្នាំ ទៅ ២ឆ្នាំ, ការបង្កើនរយៈពេលជូនដំណឹងអំពីការបន្តសុពលភាពមុនពេលផុតកំណត់ពី៣០ ទៅ ៩០ថ្ងៃ, និងការអនុញ្ញាតឱ្យពង្រីកបញ្ជីផលិតផលជាដើម។

២. បង្កើនការបញ្ជ្រាបការយល់ដឹងអំពីកិច្ចការហាឡាល និងអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា។ និង៣.ផ្សព្វផ្សាយឱ្យបានដឹងអំពីវិធានការចំពោះភាពមិនអនុលោមក្នុងការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា ឬការប្រើប្រាស់ស្លាកសញ្ញាហាទ្បាល ដោយមិនមានវិញ្ញាបនបត្របញ្ជាក់ត្រឹមត្រូវ

សូមបញ្ជាក់ជូនថា យុទ្ធនាការផ្សព្វផ្សាយនិងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីខែកក្កដា ដល់ ខែធ្នូ ឆ្នាំ២០២៦ ដោយផ្តើមចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ នឹងបន្តទៅតាមបណ្តាខេត្តគោលដៅមួយចំនួនទៀតរួមមាន ខេត្តសៀមរាប បាត់ដំបង កំពត-កែប និងព្រះសីហនុ ដោយនឹងមានការរៀបចំបញ្ជរផ្តល់ការណែនាំ ប្រឹក្សាយោបល់ និងសម្របសម្រួលទទួលពាក្យស្នើសុំនៅទីតាំងផ្ទាល់៕អត្ថបទ៖ហ្សាលីន