ទូតចិន ព្រួយបារម្ភសុខទុក្ខនិងជីវភាពរស់នៅរបស់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ

សង្គម​ និង​សេដ្ឋកិច្ច

លោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវក្តីអាណិតអាសូរ និងការព្រួយបារម្ភចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់លមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយស្ថានទូតចិន ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម កាលព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។

នាឱកាសនោះ លោក Wang Wenbin នាំយកអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតចិន មកចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ជាមួយគ្នានេះ លោកក៏បានសម្តែងនូវក្តីអាណិតអាសូរ និងការព្រួយបារម្ភចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។

លោកបញ្ជាក់ថា អំណោយនេះ គឺជាស្តែងចេញពីមនោសញ្ចេតនាស្រឡាញ់រាប់អាន និងកិច្ចសហប្រតិបត្តិការ«មិត្តភាព ដែកថែប» រវាងប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន ដើម្បីរួមចំណែកសម្រាលទុក្ខលំបាក និងការខ្វះខាតចំពោះមុខរបស់បងប្អូន។

ជាមួយគ្នានេះ លោកអភិបាលខេត្តព្រះវិហារ គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងកាយវិការដ៏ប្រពៃថ្លៃថ្លា របស់រដ្ឋាភិបាល និងប្រជាជនចិន តាមរយៈ លោក Wang Wenbin និងសហការី នៃស្ថានទូតចិន ដែលបានចែករំលែកសេចក្តីស្រឡាញ់ ការចេះជួយគ្នាក្នុងគ្រាលំបាក និងកិច្ចសហប្រតិបត្តិការយូរអង្វែង។

សូមជម្រាបដែរថា ក្នុងសេចក្តីថ្លែងការណ៍បិទបញ្ចប់បេសកកម្មរបស់លោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានលើកឡើងទាក់ទងនឹងជម្លោះព្រំដែនខ្មែរ-ថៃ កាលពីថ្ងៃទី៣១កក្កដា បានបញ្ជាក់ថា មានពលរដ្ឋក​ម្ពុជាជាង ៦៥ម៉ឺននាក់ ត្រូវបង្ខំចិត្តភៀសខ្លួន ហើយក្នុងនោះមានជាង ២ម៉ឺននាក់ នៅមិនទាន់អាចត្រលប់ទៅផ្ទះសម្បែងវិញបាន។ មិនអាចត្រលប់វិញបាន ដ្បិតទាហានថៃបានចូលទន្ទ្រានផ្ទះសម្បែង និងភូមិឋានរបស់ពលរដ្ឋកម្ពុជា ដោយខុសច្បាប់។

បើតាមលោក Tom Andrews ជនភៀសសឹកកម្ពុជា មានសិទ្ធិត្រលប់ទៅផ្ទះរបស់ពួកគេវិញ ដោយសុវត្ថិភាព។ នេះក៏ព្រោះថា កិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃ បានចែងច្បាស់ថា ប្រជាពលរដ្ឋស៊ីវិលត្រូវអនុញ្ញាតឲ្យត្រលប់ទៅផ្ទះសម្បែង និងអាចប្រកបរបរចិញ្ចឹមជីវិតឡើងវិញ ដោយគ្មានការរារាំង។

យ៉ាងណាមិញ​ លោក Tom Andrews បានអះអាងថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងជម្លោះព្រំដែនប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន