ក្រុមហ៊ុនមួយ បង្ហាញទិសដៅចង់ពង្រីកវិនិយោគក្នុងវិស័យភស្តុភារកម្មនៅកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន SOCIETE CONCESSIONAIRE DE L’AEROPORT (SCA) បានបង្ហាញពីទិសដៅរបស់ខ្លួនដោយចង់ពង្រីកការវិនិយោគក្នុងវិស័យភស្តុភារកម្មនៅកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែប្រសើរ។ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ រវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​​ជាមួយលោក Julien BERT នាយកប្រតិបត្តិនៃក្រុមហ៊ុន SCA ក្នុងឱកាសដែលលោកទើបត្រូវបានតែងតាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ លោកអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍ការតែងតាំងជានាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន SCA ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរយៈពេលជាងបីទសវត្សរ៍របស់ក្រុមហ៊ុននៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍ និងលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា។

ជាមួយគ្នានោះ លោក Julien BERT បានធ្វើបច្ចុប្បន្នភាពអំពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ព្រមទាំងបានចែករំលែកពីទិសដៅរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគទៅក្នុងវិស័យភស្តុភារកម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។

លោកលេខាធិការ ក៏បានសម្តែងការគាំទ្រចំពោះផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន និងបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងប្រព័ន្ធភស្តុភារកម្ម សំដៅលើកកម្ពស់ការប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។

តាមរយៈជំនួបខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលបានរួមចំណែកស្តារទំនុកចិត្ត និងកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ព្រមទាំងពង្រឹងបរិយាកាសវិនិយោគ និងធានាសុវត្ថិភាពជូនវិនិយោគិន និងភ្ញៀវទេសចរដែលអញ្ជើញមកកម្ពុជា៕ អត្ថបទ៖ហ្សាលីន