តម្លៃប្រេងអន្តរជាតិបន្តកើនឡើងបន្ថែមទៀត គិតនៅត្រឹមថ្ងៃុសុក្រ ទី៧ ខែសីហា ចំពេលមានក្តីបារម្ភជុំវិញការបើកច្រកសមុទ្រ Hormuz ខណៈពេលដែលអ៊ីរ៉ង់ ដែលកំពុងធ្វើការជាមួយអូម៉ង់ បន្តរឹតត្បិតលើផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ៨០សេន ឬ ០,៩៧% បន្ថែមទៀត ដល់ ៨៣,២៩ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក បានកើនឡើង ៦៤សេន ឬ ០,៨៣% ដល់ ៧៧,៩៣ដុល្លារ។
គួរឲ្យដឹងផងដែរថា តម្លៃប្រេងឆៅសំខាន់ៗទាំងពីរ បានកើនឡើងជាង ៣ដុល្លារក្នុងមួយបារ៉ែលរួមមកហើយ កាលពីថ្ងៃទី៦ ខែសីហា បន្ទាប់ពីមានការពិនិត្យឡើងវិញនូវសេចក្តីព្រាងច្បាប់មួយដើម្បីហាមឃាត់នាវារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលចេញពីច្រកសមុទ្រ Hormuz ជាកន្លែងដែលប្រេង និងឧស្ម័នធម្មជាតិរាវប្រហែលមួយភាគប្រាំរបស់ពិភពលោកត្រូវបានឆ្លងកាត់ មុនពេលសង្គ្រាមបានចាប់ផ្តើមនៅចុងខែកុម្ភៈ។
យ៉ាងណាមិញ បើតាមលោក Lin Ye អនុប្រធានទីផ្សារទំនិញ និងប្រេងនៅក្រុមហ៊ុនប្រឹក្សាយោបល់ Rystad Energy បានមានប្រសាសន៍ថា កត្តាសំខាន់ដែលជំរុញតម្លៃប្រេងឡើងវិញនេះ គឺកំពុងឆ្លើយតបទៅនឹងសេចក្តីព្រាងផែនការដែលបានបោះពុម្ពផ្សាយរបស់អ៊ីរ៉ង់សម្រាប់លក្ខខណ្ឌដឹកជញ្ជូនតាមសមុទ្រ Hormuz ដែលនឹងហាមឃាត់នាវាអាមេរិក និងអ៊ីស្រាអែល និងតម្រូវឱ្យប្រទេសដែលជាប់ពាក់ព័ន្ធនឹងជម្លោះផ្សេងទៀតបង់ប្រាក់សំណងមុនពេលឆ្លងកាត់៕

