ព្រឹទ្ធសភាអាមេរិក ឈានដល់ការអនុម័តសេចក្តីព្រាងច្បាប់មួយដើម្បីដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី

អន្តរជាតិ

ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ទណ្ឌកម្មយ៉ាងទូលំទូលាយមួយដែលផ្តោតលើប្រាក់ចំណូលថាមពលរបស់ប្រទេសរុស្ស៊ី ដោយសង្ឃឹមថានឹងបើកផ្លូវសម្រាប់ការបញ្ចប់ជម្លោះអ៊ុយក្រែនឆាប់ៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីព្រាងច្បាប់ Lindsey O. Graham ឆ្នាំ២០២៦ ដែលមានគោលបំណងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ត្រូវបានព្រឹទ្ធសភាសហរដ្ឋអាមេរិកអនុម័តនៅថ្ងៃទី៨ ខែកក្កដា ដោយមានសំឡេងគាំទ្រ ៨៦ និងប្រឆាំង ១១។

សេចក្តីព្រាងច្បាប់នេះ ផ្តោតលើវិស័យថាមពលរបស់ប្រទេសរុស្ស៊ី ដោយដាក់ពន្ធរហូតដល់ ៥០០% លើការនាំចូលពីប្រទេសនេះ រួមទាំងប្រេង និងឧស្ម័នផងដែរ។ សេចក្តីព្រាងច្បាប់នេះក៏បានចែងអំពីការដាក់ពន្ធ ១០០% លើប្រទេសនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ីធំជាងគេទាំងប្រាំ រួមទាំងប្រទេសចិន និងឥណ្ឌាផងដែរ។

មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏នឹងដាក់ទណ្ឌកម្មថ្មីលើប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន និងមន្ត្រីជាន់ខ្ពស់រុស្ស៊ីមួយចំនួនទៀតផងដែរ។ សេចក្តីព្រាងច្បាប់នេះក៏ជាលើកដំបូងដែលសហរដ្ឋអាមេរិកបានកំណត់គោលដៅលើ “កងនាវាស្រមោល” ដែលជាបណ្តាញនាវាដែលរុស្ស៊ីប្រើប្រាស់ដើម្បីគេចវេះទណ្ឌកម្មរបស់លោកខាងលិចចាប់តាំងពីជម្លោះអ៊ុយក្រែនបានផ្ទុះឡើងនៅឆ្នាំ២០២២ មក។

ជម្រាបជូនផងដែរថា តាមសំណើនៅនាទីចុងក្រោយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ សេចក្តីព្រាងច្បាប់នេះក៏បានពង្រីកអំណាចក្នុងការដាក់ទណ្ឌកម្មដែលមានគោលបំណងរឹតត្បិតការផ្តល់ហិរញ្ញប្បទានសម្រាប់វិស័យអាវុធ និងថាមពលរបស់អ៊ីរ៉ង់ផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ នេះបាននាំឱ្យអ្នកប្រជាធិបតេយ្យ មានការព្រួយបារម្ភថា សេចក្តីព្រាងច្បាប់នេះកំពុងផ្តល់អំណាចច្រើនពេកដល់លោក ត្រាំ ក្នុងការដាក់ពន្ធគយបន្ថែមទៀត៕